(ភ្នំពេញ)៖ តាមរយៈសារលិខិតដាក់ឲ្យដំណើរការកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឲ្យបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការកំណត់អត្តសញ្ញាណ ក៏ដូចជាសម្របសម្រួល ដល់បងប្អូនប្រជាពលរដ្ឋគោលដៅ ឲ្យទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋងាយរងហានិភ័យ ក៏ដូចជាគ្រួសារក្រីក្រ ដែលកំពុងជួបការលំបាកពិតប្រាកដ ដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងសម្ពាធអតិផរណា, ខ្ញុំសូមចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឲ្យបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការកំណត់អត្តសញ្ញាណ ក៏ដូចជាសម្របសម្រួល ដល់បងប្អូនប្រជាពលរដ្ឋគោលដៅ ឲ្យទទួលបានប្រាក់ឧបត្ថម្ភទាន់ពេល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវយុត្តិធម៌ សមធម៌ សុចរិតភាព និងតម្លាភាព តាមការកំណត់របស់រាជរដ្ឋាភិបាល»។

ក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ដើម្បីសម្រួលដល់ជីវភាពគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក៏ដូចជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ តាមបណ្ដាខេត្តមួយចំនួន រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញ នូវវិធានការអន្ដរាគមន៍គាំពារសង្គមពិសេស ដូចខាងក្រោម៖

* ទី១៖ ដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលត្រូវបានកំណត់ដោយអត្តសញ្ញាណដោយក្រសួងផែនការ និងត្រូវទទួលបានការឧបត្ថម្ភចំនួន ៣លើក ក្នុងនោះ លើកទី១៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនោះ នៅរាជធានីភ្នំពេញ មួយគ្រួសារទទួលបាន ៩៩,៩០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៨,០០០រៀល, នៅទីប្រជុំជន មួយគ្រួសារទទួលបាន ៨៧,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២៤,០០០រៀល និងនៅជនបទ មួយគ្រួសារទទួលបាន ៨១,៣០០រៀល សមាជិកគ្រួសារបន្ថែមក្នុងម្នាក់ៗ ២០,០០០រៀល។

*ទី២៖ ដាក់ការឲ្យដំណើរការកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ក្នុងរាជធានី-ខេត្ត ចំនួន១៦ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, តាកែវ, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, កំពង់ឆ្នាំង, ព្រៃវែង, កំពត, ស្វាយរៀង និងឧត្ដរមានជ័យ។

ក្នុងនោះមួយគ្រួសារទទួលបាន ៨០,០០០រៀល, សមាជិកគ្រួសារក្នុងម្នាក់ ១៦,០០០រៀល, កុមារអាយុ០ ដល់៥ឆ្នាំ ក្នុងម្នាក់ ១៦,០០០រៀល, ជនមានពិការភាពក្នុងម្នាក់ ១៦,០០០រៀល និងមនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង ក្នុងម្នាក់ ១៦,០០០រៀល។

កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវអនុវត្តការបើកផ្ដល់ជូនមួយខែម្ដង សម្រាប់រយៈពេល៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២តទៅ៕