សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមបុណ្យសពលោកតា សាយ ភូថង នៅខេត្តកោះកុង
18-06-2016 08:27
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅចូលរួមបុណ្យសពលោកតា សាយ ភូថង នៅខេត្តកោះកុង ដោយសម្តេចតេជោ បានបញ្ជាក់ថា នៅលើ Facebook ថា «នេះជាការជូនដំណើរចុងក្រោយសំរាប់ថ្នាក់ដឹកនាំមួយរូបដែលធ្លាប់រួមសុខរួមទុក្ខ ស៊ីអត់ ស៊ីឃ្លានជាមួយគ្នាដើម្បីការរស់រាន និងការរីកចំរើនរបស់ជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសាររៀបរាប់អំពីដំណើរទៅចូលរួម និងការលាគ្នាជាចុងក្រោយដោយដំណក់ទឹកភ្នែក នៅលើ Facebook របស់សម្តេចតេជោ៖
ខ្ញុំកំពុងធ្វើដំណើរទៅខេត្តកោះកុងដើម្បីចូលរួមបុណ្យសព អុំ សាយ ភូថង។ នេះជាការជូនដំណើរចុងក្រោយសំរាប់ថ្នាក់ដឹកនាំមួយរូបដែលធ្លាប់រួមសុខរួមទុក្ខ ស៊ីអត់ ស៊ីឃ្លានជាមួយគ្នាដើម្បីការរស់រាន និងការរីកចំរើនរបស់ជាតិ។
ក្នុងមុខនាទីជាអនុប្រធានក្រុមប្រឹក្សារដ្ឋ ជាសមាជិកការិយាល័យនយោបាយនិងជាប្រធានគណៈចាត់តាំងរបស់បក្សអុំ សាយ ភូថង បានដើរតួរនាទីយ៉ាងសកម្ម ដល់ការរៀបចំគោលនយោបាយក្នុងនិង ក្រៅប្រទេស យុទ្ធសាស្ត្រ យុទ្ធវិធីរបស់បក្ស ជាអ្នកគាំទ្រយ៉ាងមោះមុតដល់ការចចារស្វែងរក សន្តិភាពដល់ការកែទម្រង់ខាងនយោបាយ និងសេដ្ឋកិច្ចដែលខ្ញុំបានដាក់ចេញនិងដឹកនាំអនុវត្តិន៍ក្នុងឋានះជាប្រធានរដ្ឋាភិបាលនាពេលនោះ។
ការគាំទ្ររបស់គាត់ចំពោះខ្ញុំ ចំពោះនយោបាយផ្តល់កម្មសិទ្ធិជូនប្រជាជន ការមិនយកពន្ធលើដីធ្លីកសិកម្ម និងការគាំទ្រផ្សេងទៀតក្នុងការកែទម្រង់នៃសេដ្ឋកិច្ចទីផ្សារ។ល។ មានតម្លៃខ្លាំងណាស់សំរាប់ជោគជ័យរបស់ជាតិ និងប្រជាជននាដំណាក់កាលដ៏លំបាក នោះហើយក៏ជាមូលដ្ឋានសំរាប់ជោគជ័យនាថ្ងៃនេះផងដែរ។ ក្រៅពីការងារអ៊ុំប្រុស និងអ៊ុំស្រីបានជួយខ្ញុំ និងគ្រួសារប្រៀបដូចជា កូនចៅបង្កើតរបស់ខ្លួន។ គាត់តែងផ្តល់បារីឱ្យខ្ញុំដោយដឹងថា ខ្ញុំជក់បារីច្រើន។ អុំស្រីផ្តល់សាច់ក្រណាត់ដល់ភរិយាខ្ញុំកាត់ខោ អាវឱ្យកូនៗស្លៀកពាក់។
រាល់ពេលដែលខ្ញុំជួបអ៊ុំ សាយ ភូថង មិនថា នៅផ្ទះគាត់ ឬនៅផ្ទះខ្ញុំ ឬនៅកន្លែងប្រជុំ ខ្ញុំនិងតែងទទួលបាននូវនំចំណីសំរាប់កូនៗ ព្រោះក្នុងចំណោមមេដឹកនាំសំខាន់ៗមានតែខ្ញុំម្នាក់ទេ ដែលក្មេងជាងគេនិងមានកូនតូចៗ។ ហ៊ុន ម៉ាណែត និងហ៊ុន ម៉ាណា បានជួបអ៊ុំ សាយ ភូថង ច្រើនជាងគេ ព្រោះកូនទាំង២នេះតែងតាមខ្ញុំទៅគ្រប់ទីកន្លែង។ សំរាប់ខ្ញុំ និងភរិយាចាត់ទុកអ៊ុំសាយ ភូថង និងអុំស្រីដូចឪពុក ម្តាយរបស់ខ្លួនដែរ។
ខ្ញុំគ្មានអ្វីដើម្បីតបស្នងសងគុណក្រៅពីធ្វើដំណើរទៅជូនដំណើរ និងលាគ្នាជាចុងក្រោយដោយដំណក់ទឹកភ្នែកនោះឡើយ៕