(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះ បានសរសេរសារអមដោយរូបភាព នៃការប្រៀបធៀបរវាងតួសម្តែងជាមេបញ្ជាការ សុក សារឿន និងមេបញ្ជាការ សំរេច ក្នុងភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាមួយតួអង្គពិត គឺលោក សុក សារឿន និងសម្តេចតេជោផ្ទាល់។

តាមរយៈសំណេរបង្ហោះលើ Facebook នេះសម្តេចតេជោ បានបញ្ជាក់ថា សម្រាប់សម្តេចចាត់ទុកការជ្រើសរើស តួសម្តែងតំណាងមេបញ្ជាការ សុក សារឿន និងមេបញ្ជាការ សំរេច ក្នុងភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺជាការសមស្រប។

សម្តេចតេជោបង្ហោះរូបថត អមជាមួយខ្លឹមសារយ៉ាងដូច្នេះថា «បន្ទាប់ពីបង្ហោះរូបភាព ដែលបានថតកាលពីឆ្នាំ១៩៧១ និងរូបថតតួសំដែងក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទ ពេញបូណ៍មី។ មានបងប្អូនយើងបានយករូបថតទាំងពីរ មកផ្គុំប្រហែលក្នុងគោលបំណងធ្វើការប្រៀបធៀប។ សម្រាប់ខ្ញុំការជ្រើសរើសតួនេះសមស្របហើយ ដែលតំណាងឲ្យមេបញ្ជាការ សុក សារឿន និងមេបញ្ជាការ សំរេច»

សូមជម្រាបថា ក្នុងភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» តារាសម្តែងជាតួអង្គតំណាងមេបញ្ជាការ សុក សារឿន គឺលោក ស៉ឹម សុភ័ណ្ឌ និងតួអង្គមេបញ្ជាការ សំរេច គឺលោក ប៉ាន់ ខែមម៉ានូ។

ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕