(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបន្តដំណើរឆ្ពោះទៅការពារតំណែងជើងឯកពាន Euro បន្តទៀត ក្រោយពីលត់តួកគី ៣-០ យប់មិញ ស្របពេលក្រូអាតរបូត៣ពិន្ទុ ដោយសារឆេកវាយបកតាមបានស្មើ ២-២ នៅនាទីចុងម៉ោងយប់មិញនេះ។
សារព័ត៌មាន Sky Sports បានអោយដឹងថា អេស្ប៉ាញ បន្តឈរនៅកំពូលតារាងក្នុងពូល D ដោយមាន៦ពិន្ទុពេញ ឆ្លងកាត់២ប្រកួត ឈ្នះទាំងអស់ គឺបានយកឈ្នះក្រុមសាធារណរដ្ឋឆេក ១-០ នៅថ្ងៃបើកឆាកពូល D និងបន្តបំបាកលតួកគី ៣-០ យប់មិញទៀត ដើម្បីឡើងទៅជួបអាល្លឺម៉ង់ ឫប៉ូឡូញក្នុងខ្វែងពូលជាមួយនឹងពូល C នៃវគ្គ១៦ក្រុម។
៣គ្រាប់របស់អេស្ប៉ាញយប់មិញ ធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធវ័យ២២ឆ្នាំ មកពីក្លឹប Juventus, Alvaro Morata នៅនាទីទី៣៤ និងនាទីទី៤៨ ជាមួយនឹងមិត្តរួមក្រុម Nolito រកបាន១គ្រាប់ដែរ នៅនាទទី៣៧។
តែអ្វីដែលមិននឹកស្មានយប់មិញនេះដែរ ក្រុមក្រូអាត បែរជារបូត៣ពិន្ទុវិញ ក្រោយនាំមុខឆេក ២-០ ហើយនោះនៅនាទីទី៣៧ និង៥៩ ពីការធ្វើបានសម្រេចដោយកីឡាករ Ivan Perisic និង Ivan Rakitic តែត្រូវបានកីឡាករ Milan Skoda រកបាន១គ្រាប់នៅនាទីទី៧៦ និង Tomas Necid បេណាល់ទីតាមស្មើ ២-២ នៅនាទីទី៩០ គួរអោយស្តាយ។
តែយ៉ាងណាក៏ដោយ ក្រូអាតនៅបន្តឈរនៅលេខ២ ក្នុងពូល D ដដែល ដោយមាន៤ពិន្ទុ ឆេកឈរនៅលេខ៣ និងតួកគី ហាលអាវហើយ ឈរនៅលេខបាតតារាង គ្មានពិន្ទុរាប់ ដោយគេស៊ុតចូល៤គ្រាប់ និងមិនអាចរកបានវិញសូម្បី ១គ្រាប់ឡើយ៕