(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងលោក ឧកញ៉ា ផែ ហុកឈួន និងលោកស្រី អ៉ឹង ស៊ីស្រ៊ន មានសទ្ធាជ្រះថ្លាប្រគេនទៀនព្រះវស្សា និងគ្រឿងបរិក្ខា ព្រមទាំងបច្ច័យដល់វត្តចំនួន៣៣ វត្តសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃពេលចូលកាន់ព្រះវស្សាឆ្នាំនេះ។
ថ្លែងក្នុងពិធីប្រគេនទៀនព្រះវស្សាដល់វត្តទាំង ៣៣វត្ត ដែលធ្វើឡើងនៅភោជនីដ្ឋានសូរិយា រាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៦នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានសូមឲ្យព្រះសង្ឃខិតខំផ្សព្វផ្សាយព្រះធម៌ឲ្យបានចូលជ្រៅដល់ពុទ្ធបរិស័ទ ដើម្បី ឲ្យព្រះពុទ្ធសាសនារុងរឿងផូរផង់ និងជាតិថ្កុំថ្កើង។
លោកស្រីឧបនាយករដ្ឋមន្រ្តី លើកឡើងថា កន្លងមកវិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការ អប់រំប្រៀនប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើល្អស្គាល់បុណ្យស្គាល់បាប និងជួយអភិវឌ្ឍន៍សង្គមជាតិ ឲ្យរីកចម្រើនជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល បានចាត់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ លោកស្រី បញ្ជាក់ថា បើទោះបីកន្លងមក មានបុគ្គលសង្ឃខ្លះ បានប្រព្រឹត្តអំពើមិនគួរគប្បី ប្រាសចាកធម៌វិន័យរបស់ព្រះពុទ្ធ ប៉ុន្តែព្រះពុទ្ធសាសនានៅតែជាម្លប់សម្រាប់ជាទីគោរពរបស់ពុទ្ធសាសនិកជន និងប្រទីបបំភ្លឺពុទ្ធសាសនិក ជនឲ្យប្រព្រឹត្តអំពើល្អ។
សូមបញ្ជាក់ថា វត្ត៣៣ ដែលឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានប្រគេនទៀនវស្សា និងបច្ច័យនោះ មានៅក្នុងរាជធានីភ្នំពេញចំនួន ០៧វត្ត និងនៅស្រុកស្ទោងខេត្តកំពង់ធំចំនួន ២៦វត្ត។ ក្នុងមួយវត្តនីមួយៗ ទទួលបានទៀនព្រះវស្សា ២គូ ប្រេងម៉ាស៊ូត ៣០លីត្រ ត្រ័យធំ ០១ត្រ័យ ទឹកសុទ្ធ ០៥កេស ទឹកក្រូច និងទឹកផ្លែឈើ ០៤កេស ស្ករស ២៥គីឡូក្រាម ទឹកដោះគោ ២៥កំប៉ុង តែស្លឹក ០២គីឡូក្រាម ត្រីខកំប៉ុង ២០ កំប៉ុង ត្រីងៀត ០៥គីឡូក្រាម អង្ករ ៥០គីឡូក្រាម នំ ០១ធុង មីម៉ាម៉ា ១កេសធំ ខ្ទឹមស ០៥គីឡូក្រាម ម្សៅស៊ុប ០៥គីឡូក្រាម អំបិល ១០ គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ០១យួរ ផ្លែឈើ ០១កន្ត្រក កន្លេលខ្សែ ០១ដុំ ជើងពានសម្រាប់ដាក់ បច្ច័យ ០១ ធុងទឹកកក ០១ បច្ច័យ ក្នុងមួយវត្តចំនួន១៦០០,០០០រៀល ថវិកាសម្រាប់អាចារ្យក្នុងមួយវត្ត ៥ម៉ឺនរៀល។
ព្រះសង្ឃតាមវត្តទាំង៣៣វត្ត ត្រូវបាននិមន្តមកទទួលទៀនព្រះវស្សា និងគ្រឿងបរិក្ខា បច្ច័យនៅគេហដ្ឋានម្ចាស់ដើមបុណ្យនាថ្ងៃធ្វើពិធីសូត្រ មន្តថ្ងៃ១៣កើត ខែជេស្ឋ ត្រូវថ្ងៃទី១៧ ខែមិថុនានេះ៕