(ភ្នំពេញ)៖ គ្រឹះស្ថានឧត្តមសិក្សាជាច្រេីនក្នុងប្រទេសកម្ពុជា រួមជាមួយគ្រឹះស្ថានឧត្តមសិក្សា អន្តរជាតិ និងក្រុមហ៊ុនឯកជនមកពី ១៧ប្រទេស បានរួមគ្នារៀបចំសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីសូហ្វវែរ ចំណេះដឹង ការគ្រប់គ្រង ព័ត៌មាននិងកម្មវិធី (Software, Knowledge, Information Management and Applications – SKIMA) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមការឧបត្ថមបច្ចេកទេសរបស់ IEEE ដែលជាសហគមន៍អ្នកបច្ចេកទេសជំនាញផ្នែកអគ្គិសនី និងអេឡិចត្រូនិច ដ៏ធំបំផុតមួយលើសាកលលោក។
សន្និសីទអន្តរជាតិនេះមានការចូលរួមពីអ្នកស្រាវជ្រាវអ្នកជំនាញនិងអ្នកអនុវត្តមកពីបណ្តាគ្រឹះស្ថាន ឧត្តមសិក្សា ក្រុមហ៊ុនឯកជន ស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នរដ្ឋាភិបាលជាតិ និងអន្តរជាតិចំនួនប្រមាណ៩០នាក់ មកពី១៧ប្រទេសនៅសាលសន្និសីទរបស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា(ខេមតិច)។
នៅក្នុងកិច្ចពិភាក្សានៃសិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំនិងសាស្រ្តចារ្យតំណាងគ្រឹះស្ថានឧត្តមសិក្សាជាតិរួមមាន៖ សាកលវិទ្យាល័យខេមតិច សាកលវិទ្យាល័យពុទ្ធិសាស្រ្ត វិទ្យាស្ថានថាក់គ្លូបប៊ល វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ និងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ មកពីចក្រភពអង់គ្លេស អូស្រ្តាលី បារាំង ចិនជប៉ុន ថៃ ម៉ាឡេស៊ី ហុងគ្រី បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េ ហ្វីលីពីន ប៉ូឡូញ ស្រីលង្កា ទុយនេស៊ី និងនេប៉ាល់។ ការពិភាក្សាបានផ្តោតលើការផ្លាស់ប្តូរការស្រាវជ្រាវ និងអនុវត្តន៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មី ជាពិសេស វិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត។
លើកឡើងនៅក្នុងសន្និសីទអន្តរជាតិនេះលោកសាស្ត្រាចារ្យបណ្ឌិត ឆែម គៀតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃអង្គសន្និសីទ និងសា្វគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ និងបានសង្កត់ធ្ងន់ថា សន្និសីទនេះ បានផ្តល់ឱកាសដ៏ពិសេសដល់អ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អ្នកស្រាវជ្រាវ អ្នកជំនាញគ្រប់គ្រង អនុវត្តចំណេះដឹងវិស្វកម្មសូហ្វវែរ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានក្នុងការចែករំលែកគំនិត បទពិសោធន៍និងទស្សនៈផ្សេងៗសំដៅលើកកម្ពស់ដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សូមបញ្ជាក់ដែរថានេះជាលើកទី២ ដែលសន្និសីទអន្តរជាតិប្រារព្ធនៅប្រទេសកម្ពុជាក្នុងគោលបំណងរួមមាន៖ លើកកម្ពស់ ដំណោះស្រាយជាក់ស្តែងសម្រាប់ការអភិវឌ្ឍឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព, ប្រមូលផ្តុំអ្នកជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អ្នកស្រាវជ្រាវអ្នកជំនាញគ្រប់គ្រង អនុវត្តចំណេះដឹងវិស្វកម្មសូហ្វវែរ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន និងផ្តល់វេទិកាសម្រាប់ការចែករំលែកគំនិតបទពិសោធន៍ និងទស្សនៈផ្សេងៗ។
សន្និសីទអន្តរជាតិនេះក៏ធ្លាប់បានរៀបចំនៅបណ្តាបច្ចឹមប្រទេស និងអាស៊ីជាច្រើនលើករួចមកហើយ ដូចជា នៅប្រទេសនេប៉ាល់ក្នុងឆ្នាំ២០០៨ ប្រទេសម៉ូរ៉ូកូក្នុងឆ្នាំ២០០៩ ប្រទេសប៊ូតាន់ក្នុងឆ្នាំ២០១០ ប្រទេសអ៊ីតាលីក្នុងឆ្នាំ១០១១ ប្រទេសចិនក្នុងឆ្នាំ២០១២ ប្រទេសថៃក្នុងឆ្នាំ២០១៣ ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨ និងប្រទេសម៉ាល់ឌីវក្នុងឆ្នាំ២០១៩។
សន្និសីទនេះបានផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវ អ្នកជំនាញនិងអ្នកអនុវត្តមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា ក្រុមហ៊ុនឯកជន ស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋាភិបាលបានជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងទស្សនៈផ្សេងៗប្រកបដោយភាពច្នៃប្រឌិតក្នុងគោលដៅអភិវឌ្ឍនិងអនុវត្តបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាឆ្ពោះទៅរកបរិវត្តកម្មឌីជីថលប្រកបដោយចីរភាពសម្រាប់គ្រឹះស្ថានឧត្តមសិក្សានាពេលអនាគតផងដែរ៕