(ភ្នំពេញ)៖ ករណីប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនបណ្តាលឲ្យស្លាប់ទាំង២នាក់ នៅក្នងបន្ទប់ទឹកនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា អាចផ្តើមចេញពីរឿងប្រច័ណ្ឌ ដោយបន្សល់ទុកកូន២នាក់ ឲ្យនៅកំព្រា។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង៨៖២០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃបឹង សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។
មន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រាក់ សុភក្ត្រា អាយុ៣៤ឆ្នាំ មុខរបរបើក Wing យីហោប្រជាប្រិយ៌រីឯប្តីវិញមានឈ្មោះ លី អៀងសៅ អាយុ៥០ឆ្នាំមុខរបរមន្ត្រីរដ្ឋបាលព្រៃឈើ។
បើតាមមន្រ្តីអាវុធហត្ថដដែលនេះ សម្រាប់មូលហេតុពិតប្រាកដនោះ នៅមិនទាន់ដឹងនៅឡើយទេ ពីព្រោះនៅក្នងផ្ទះមានតែកូន២នាក់ និងឈ្នួលម្នាក់ តែតាមការសន្និដ្ឋាន គឺអាចផ្តើមចេញពីរឿងប្រច័ណ្ឌ។
សម្រាប់សពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងនគរបាល ធ្វើកោសល្យវិច័យ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នា ហើយដេញកូនអោយចេញក្រៅផ្ទះ រួចក៏ឮផ្ទុះ២គ្រាប់ ពេលនោះកម្លាំងល្បាតរបស់លោកនៅក្បែរ បានទៅជួយអន្តរាគមន៍ ហើយបុកទម្លុះទ្វារ ស្រាប់តែឃើញពួកគេ ស្លាប់ទាំង២នាក់តែម្តងទៅ៕