(ក្រចេះ)៖ លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងលោកស្រី សៅ សុគន្ធារី អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងក្រចេះ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំជីវភាពនយោបាយ និងបូកសរុបការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្តក្រចេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក អ៊ុយ ភារក្ស អនុប្រធានក្រុមការងារគណបក្សមូលដ្ឋានក្រុងក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កោះទ្រង់, លោក ហេង សុផា ប្រធានក្រុមការងារគណបក្ស ថ្នាក់ខេត្តចុះជួយក្រុងក្រចេះ, លោក សំ ស៊ា អនុប្រធានគណបក្សក្រុងក្រចេះ ព្រមទាំងមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្ស ក្រុងក្រចេះ ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ ក្រុមការងារថ្នាក់ក្រុងចុះជួយសង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ប្រធានសាខាចំណុះគណបក្សសង្កាត់ ប្រធាន អនុប្រធានយុវជនគណបក្សសង្កាត់ ស្មៀនសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបវត្តមានចូលរួមមានចំនួន ២៥៥នាក់។
នាឱកាសនោះលោក ឈឿន ប៊ុណ្ណារ័ត្ន បានដាក់ទិសដៅបន្តចំនួន១០ចំណុច ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖
*ទី១៖ ជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវប្រកាន់ជំហរថ្កោលទោសចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្សី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ព្រះចេស្តាព្រះមហាក្សត្រខ្មែរ។
*ទី២៖ ទោះបីការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានល្អប្រសើហើយក៏ដោយ ក៏ត្រូវបន្តខិតខំផ្សព្វផ្សាយ និងជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលចាក់វ៉ាក់សាំងដូសជំរុញបន្ថែមឱ្យបានគ្រប់គ្នា ព្រោះស្ថានភាពនៃការរាលដាលជំងឺកូវីដ១៩ នៅតែបន្ត និងគំរាមកំហែងដល់សុខភាពប្រជាជន។
*ទី៣៖ ត្រូវចេះផ្សព្វផ្សាយសមិទ្ធិផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបានដូចជា កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ជាប្រវត្តិសាស្រ្ត ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១។
*ទី៤៖ បន្តពង្រឹងសុខសន្តិភាពតាមមូលដ្ឋានតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសលើបញ្ហាគ្រឿងញាន។
*ទី៥៖ ត្រូវចេះទាញយកផលប្រយោជន៍ តាមរយៈការផ្សព្វផ្សាយពីការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
*ទី៦៖ ព្យាយាមដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការឱ្យបានជាអតិបរិមា។
*ទី៧៖ ត្រូវរៀបចំចងក្រងកម្លាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
*ទី៨៖ បន្តរពង្រីក និងពង្រឹងសមាជិកបក្ស ហើយកំណត់ឱ្យបានច្បាស់ពីសមាជិកចំណាកស្រុក។
*ទី៩៖ ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវរួមគ្នាបម្រេីប្រជាពលរដ្ឋអោយអស់លទ្ធភាព តាមរយៈ ការប្រេីប្រាស់កញ្ចប់ថវិកាអភិវឌ្ឍសង្កាត់ អោយមានតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
*ទី១០៖ ត្រូវរៀបចំលើកគម្រោងផែនការចំណាយ សម្រាប់ពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យហើយចាប់ពីពេលនេះតទៅ។
ក្នុងឱកាសនោះ លោកក៏បាននាំយកអំពូលសូឡា និងជើងអំពូលដែលេជាអំដោយរបស់ឧកញ៉ា ធាង ទ្រី ជូនគណបក្សក្រុងក្រចេះ ចំនួន ១០ឈុត, មន្ទីរអប់រំ យុវជន និងកីឡា ចំនួន ១០ឈុត, វត្តក្រគរ ចំនួន ១០ឈុត និងប៉ុស្តន៍រដ្ឋបាលសង្កាត់ទាំង៥ ចំនួន ៤ឈុតក្នុងមួយប៉ុស្តន៍រដ្ឋបាល សរុបរួមចំនួន ៥០ឈុត។ ដោយឡែកលោកស្រី សៅ សុគន្ធារី បានឧបត្ថម្ភថវិកាដល់សមាជិ សមាជិកា ដែលបានចូលរួមចំនួន ១៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន ២០,០០០រៀល សរុបរួមអស់ចំនួន ៣,០០០,០០០រៀល៕