(ភ្នំពេញ)៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យជាមួយផ្លែការយ៉ាងត្រចះត្រចង់ ដោយបណ្តាទីក្រុង នៃប្រទេសអាស៊ានទាំងអស់ បានទទួលយកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់ អភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនឲ្យកាន់តែរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបិទវេទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្ម ប្រកបដោយចក្ខុវិស័យ ជាក់ស្តែងនិយម និងការគិតគូរយកចិត្តទុកដាក់ ក្នុងន័យស្ថាបនាជួយគ្នាទៅវិញទៅមក ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវការពិភាក្សាលើគ្រប់ទិដ្ឋភាព ដែលសុទ្ធសឹងតែជាអនុសាសន៍សម្រាប់ទិសដៅរួមគ្នា នៃការអភិវឌ្ឍទីក្រុងអាស៊ាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាប្រឈមមុខទៅនិងកាលៈទេសៈ និងទស្សនវិស័យសកលនាពេលបច្ចុប្បន្ន និងទៅអនាគត ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របគ្នាអំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលជាមូលដ្ឋានដ៏ចាំបាច់ ក្នុងការលើកកម្ពស់ ការស្តារឡើងវិញនូវសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ១៩។

បន្ថែមពីនេះទៀត បានជំរុញសន្ទុះនៃការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ដូចអ្វីដែលយើងបានកំណត់ជាប្រធានបទ នៃអង្គវេទិកាអភិបាលក្រុងអាស៊ាន ក្នុងឆ្នាំនេះ។

លោកបានបន្តថា អង្គវេទិកាបានដំណើរការ បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់ និងភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមរាជធានី-រដ្ឋធានីអាស៊ាន រដ្ឋបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ាន ក្នុងន័យជំរុញឲ្យសម្រេចបានទីក្រុងដែលឆ្លាត មានភាពធន់ និងចីរភាព ជាពិសេសនៅចំពោះមុខបរិបទ នៃទំនើបកម្មបច្ចេកវិទ្យាឌីជីថល ក៏ដូចជាវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ១៩។

បើតាមលោក ឃួង ស្រេង តាមរយៈវេទិកា និងកិច្ចប្រជុំនេះ សម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ២ច្បាប់ រួមមាន ទី១៖ សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន៦ចំណុច និងទី២៖ សេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ ឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន១២ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។

ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឲ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូណេស៊ី បានក្លាយជាប្រធានប្តូរវេន នៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកាអភិបាលក្រុងអាស៊ាន AMF នៅឆ្នាំ២០២៣ខាងមុខ ដោយបានប្តេជ្ញាបន្តបម្រើជាយន្តការប្រើប្រាស់ជាវេទិកាជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ក៏ដូចជាគំនិតផ្តួចផ្តើម និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត សម្រាប់ភាពរីកចម្រើន នៃបណ្ដាញរដ្ឋបាលថ្នាក់ក្រោមជាតិអាស៊ាន៕