(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រៃយ៍ នៃសហគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ បានទទួលអាហារសាមគ្គីអបអរសាទរ ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូ នៃបណ្តាទីក្រុង និងសហគមនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ដែលអញ្ជើញមកចូលរួមវេទិកាអភិបាលក្នុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន ២០២២ នៅរាជធានីភ្នំពេញ (AIMF: Association Internationale des Maires Francophones)។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយចំពោះវត្តមានរបស់គណៈប្រតិភូ នៃបណ្តាទីក្រុង និងសមាគមន៍រដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក នៃសមាគមអា.ស៊ី.អឹម.អេហ្វ (AIMF) ដែលបានអញ្ជើញមកចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនាពេលនេះ។

លោកបន្តថា ក្នុងរយៈពេលកន្លងមកនេះ ក្នុងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពល្អជាប្រពៃណី អាចវាយតម្លបានថា បណ្តាទីក្រុង និងសមាគមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគមអា.អ៊ី.អឹម.អេហ្វ (AIMF) បានបំពេញនូវការងារជាច្រើនជាមួយគ្នា និងបានចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ តាមរយៈកម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្ដូរបទពិសោធន៍ ដោះស្រាយ បញ្ហាប្រឈម និងចែករំលែកព័ត៌មានល្អៗ នៃការអភិវឌ្ឍទីក្រុង ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនក្នុងប្រទេសនីមួយៗ ក្រោមក្របខណ្ឌ ហ្វ្រង់កូហ្វូនី។

ជាក់ស្តែង សម្រាប់ថ្ងៃនេះ បើទោះបីពួកយើងមានភាពមមាញឹកក្នុងការ ចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះយ៉ាងណាក្តី ក៏ក្នុងនាមជាសមាជិកសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) ទីក្រុងយើងទាំងអស់គ្នា បានឆ្លៀតឱកាសដើម្បីជួបជុំសំណេះសំណាល ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងជាសារបញ្ជាក់អំពីការប្តេជ្ញាចិត្ដខិតខំបន្តគាំទ្រជួយគ្នាទៅវិញទៅមក ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ៕