(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងសារលិខិតអបអរសាទរក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ បានផ្តល់អនុសាសន៍ចំនួន ៩ចំណុច ដើម្បីលើកកម្ពស់ជនមានពិការភាព។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ អនុសាសន៍ទាំង ៩ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖

ទី១៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ គោលនយោបាយជាតិ និងអន្តរជាតិនានា ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនមានពិការភាព គ្រប់ប្រភេទ និងគ្រប់កម្រិត។

ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យពិការភាព ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ដោយរៀបចំជាផែនការសកម្មភាព និងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។

ទី៣៖ សូមជនមានពិការភាពកម្ពុជាគ្រប់រូប ដែលមានលទ្ធភាពចូលរួមប្រកួតប្រជែងកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខឱ្យទទួលបាននូវជោគជ័យ។

ទី៤៖ ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទដូចជា ការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។

ទី៥៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ទី៦៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែងក្នុងច្បាប់ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ទី៧៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្តីពី ការរាតត្បាត និងពិធីសាស្ត្រការពារជំងឺកូវីដ១៩ ដើម្បីមនុស្សគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា។

ទី៨៖ សូមជនមានពិការភាពទាំងអស់ បន្តអនុវត្តវិធានការការពារ និងទៅទទួលវ៉ាក់សាំងការពារកូវីដ១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាភាពសុំបុគ្គលនិងសហគមន៍ដែលជាការធានានូវនិរន្តភាពនៃការរស់នៅប្រចាំថ្ងៃ ក្នុងប្រក្រតីភាពថ្មី។

ទី៩៖ សូមជនមានពិការភាពគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះ និងបោះឆ្នោតឱ្យបានគ្រប់ៗគ្នា តាមឆន្ទៈរៀងៗខ្លួន៕