(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាប្រធានប្តូរវេននៃមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (ដែលហៅកាត់ថា ស៊ាសិន) សម្រាប់ឆ្នាំ២០២៣ នឹងរៀបចំសន្និសីទថ្នាក់ទេសាភិបាលស៊ាសិនលើកទី៥៨ និងសិក្ខាសាលាជាន់ខ្ពស់ SEACEN-IMF-STI ព្រមទាំងកិច្ចប្រជុំក្រុមប្រឹក្សានៃទេសាភិបាលស៊ាសិនលើកទី៤២ រយ:ពេល៣ថ្ងៃចាប់ពីថ្ងៃទី៤-៦ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប។
សន្និសីទនិងសិក្ខាសាលាជាន់ខ្ពស់នេះ ត្រូវបានរៀបចំជាលក្ខណៈអ៊ីប្រ៊ីដ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយទេសាភិបាលធនាគារកណ្តាល និងនាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុ ដែលជាសមាជិកស៊ាសិនចំនួន ១៩ ប្រទេសនៅក្នុងតំបន់ ព្រមទាំងមានការចូលរួមជាកិត្តិយសពី លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) តំណាងរបស់មូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Harvard និងស្ថាប័នអន្តរជាតិមួយចំនួនទៀត។
សន្និសីទនាឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមមូលបទ៖ «បញ្ហា ប្រឈមនៃគោលនយោបាយបច្ចុប្បន្ន៖ បរិបទសេដ្ឋកិច្ចសកលនិងអាស៊ី បញ្ហាប្រឈមនៃការផ្លាស់ប្តូរ និងការពង្រីកការផ្តល់ហិរញ្ញប្បទានអាកាសធាតុ»។
ទន្ទឹមនេះលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សានៃទេសាភិបាលស៊ាសិនលើកទី៤២ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព ការងាររបស់មជ្ឈមណ្ឌលស៊ាសិន ដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងទៅនេះ និងកំណត់ទិសដៅ ការងារចម្បងៗ ដែលនឹងគាំទ្រដល់មុខងារ-ភារកិច្ចរបស់មជ្ឈមណ្ឌល ស៊ាសិន ដែលក្នុងនោះរួមមាន៖
* ការបណ្តុះបណ្តាលជំនាញការងារ. ធនាគារកណ្តាល ភាពជាអ្នកដឹកនាំ ការពង្រឹងការស្រាវជ្រាវ ក្នុងតំបន់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក។
គណៈប្រតិភូដែលចូលរួមសន្និសីទនិងកិច្ចប្រជុំខាងលើ ក៏នឹងអញ្ជើញទស្សនាស្វែងយល់. ពីសក្តានុពលទេសចរណ៍ប្រវត្តិសាស្រ្តកម្ពុជា ក៏ដូចជាវប្បធម៌ និងប្រពៃណីខ្មែរ ដែលមានលើ ទឹកដីនៃខេត្តសៀមរាបផងដែរ។
គួររំលេចថា មជ្ឈមណ្ឌលស៊ាសិនត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨២ ដោយមានបេសកកម្មចម្បង ផ្តោតលើការពង្រឹងសមត្ថភាពជំនាញរបស់មន្រ្តី-បុគ្គលិកធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ ជាសមាជិក តាមរយៈការបណ្តុះបណ្តាលនិងស្រាវជ្រាវ។
បច្ចុប្បន្នមជ្ឈមណ្ឌលស៊ាសិន មានសមាជិក ដែលជាធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុចំនួន១៩ដូចជា៖ ព្រុយណេ កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ហុងកុង កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាពូអាស៊ីនូវែល-ហ្គីណេ ហ្វីលីពីន សិង្ហបុរី ស្រីលង្កា តៃវ៉ាន់ ថៃ និងវៀតណាម៕