(បាត់ដំបង)៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នេះ អាជីវករលក់ដូរផ្សារណាត់(ផ្សារធំ) ខេត្តបាត់ដំបងជាច្រើននាក់ បានផ្ទុះការតវ៉ានៅសាលាក្រុង ដើម្បីសុំបញ្ចុះថ្លៃពន្ធដារឲ្យនៅដដែលដូចឆ្នាំចាស់កន្លងមក។
ការតវ៉ារបស់ក្រុមអាជីវករខាងលើនេះ ត្រូវបានលោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង លោក ជា ពិសិដ្ឋ ប្រធានសាខាពន្ធដារខេត្តបាត់ដំបង និងមន្រ្តីជំនាញពាក់ព័ន្ធខេត្តក្រុងមួយចំនួនចូលរួមស្តាប់ និងជួយដោះសម្របសម្រួលផងដែរ។
យោងទៅតាមច្បាប់ពន្ធដារដែលបានអនុម័ត និងប្រកាសបង់ពន្ធដារ លោក ជា ពិសិដ្ឋ ប្រធានពន្ធដារខេត្តបាត់ដំបង បានបកស្រាយពន្យល់ដល់បងប្អូនអាជីវករទាំងអស់នូវគោលការណ៍ច្បាប់ដែលត្រូវចុះបញ្ជីជាមុន និងប្រកាសបង់ដោយគិតជាភាគរយតាមការគណនាជាក់ស្តែង ដោយមន្រ្តីពន្ធដារនិងមិនធ្វើតាមរបបម៉ៅការនោះទេ។
បើតាមអាជីវករបាននិយាយដូចៗគ្នាថា ឆ្នាំកន្លងមកបង់ពន្ធប៉ាតង់ប្រចាំឆ្នាំបង់ប្រហាក់ប្រហែល៣ម៉ឺនរៀល តែឆ្នាំថ្មី២០១៦នេះស្រាប់តែឡើងថ្លៃត្រូវបង់១តូបប្រហាក់ប្រហែល៣០ទៅ៤០ម៉ឺនរៀលក្នុង១ឆ្នាំ និងមួយទៀតបង់តាមស្វ័យប្រកាស គឺលក់បានជាក់ស្តែងប៉ុណ្ណាត្រូវបង់ប៉ុណ្ណឹងចុះឥវ៉ាន់នៅសល់លក់មិនដាច់តើគិតយ៉ាងណា ចុះបើបង់ពន្ធដារគឺតម្លៃខ្ពស់ជាងមុនច្រើនពេកនោះមិនអាចរត់រួចឡើយ។
លោក សៀងឯម វូនស្ហី អភិបាលក្រុង បានថ្លែងថា នៅស្រុកខ្មែរយើងពីមុនរហូតដល់បច្ចុប្បន្ននេះ គឺមានការបន្ធូបន្ថយអនុគ្រោះពន្ធច្រើនជាយូរមកហើយដែរ។
មន្រ្តីពន្ធដារបានឡើងពន្យល់ពីបច្ចេកទេសការកត់ត្រាជាប្រចាំដើមគណនាតួលេខជាប់ពន្ធតាមរូបមន្តរបបស្វ័យប្រកាសតាមច្បាប់កំណត់។ ទន្ទឹមនិងការពន្យល់នេះ អាជីករបានត្អូញត្អែថាថ្លៃហួសសមត្ថភាពរបស់ពួកគាត់។
ទោះជាយ៉ាងណាអាជីវករទាំងអស់ត្រូវមានតព្វកិច្ចទៅប្រកាសបង់ពន្ធឲ្យបានគ្រប់ៗគ្នាតាមច្បាប់ឲ្យស្របច្បាប់សិនផងដែរ។ រឿងចង់ឲ្យមានភាពអនុគ្រោះនោះ គឺរង់ចាំការជាក់ស្តែង ហើយអ្នកដែលមានសិទ្ធសម្រេច គឺមានតែរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុទេទើបមានសិទ្ធសម្រេចកែប្រែតាមជាក់ស្តែងនៅពេលក្រោយ។
អាជីវករខ្លះបាបង្ហាញពីការលំបាកមួយចំនួនដូចជា ពេលខ្លះមានអ្នខ្ចីលុយពីធនាគារ ឬ លុយតុងទីន យកមករកស៊ីលក់មិនដាច់ ហើយត្រូវបង់ពន្ធដារផង សងលុយទៅធនាគារផងនេះជាបញ្ហាសម្រាប់អាជីវករពួកគាត់។
អាជីវករផ្សេងទៀតបាននិយាយថា សុំឲ្យពន្ធដារមានការបន្ធូបន្ថយដល់អាជីវករផង ព្រោះសព្វថ្ងៃការលក់ដូរមិនសូវដាច់ គ្មានចំណូល ដូច្នេះសុំការបង់ពន្ធដារឲ្យនៅតម្លៃដដែល ។ អាជីវករខ្លះទៀតសំណូមពរឲ្យការបង់ពន្ធនៅជារបបម៉ៅការដដែល បើធ្វើតាមការប្រកាសដើមទុននោះគឺវាថ្លៃជាមុន រត់មិនរួចទេ។
លោកប្រធានបានបញ្ជាក់ទៀតថា ជាដំបូងសូមអាជីវករត្រូវសម្តែងការស្មោះត្រង់នូវកាប្រកាសបង់ពន្ធព្រោះយើងកំពុងធ្វើការកែទម្រង់តាមច្បាប់ លោកក៏បាននាំពាក្យស្នើសុំរបស់អាជីវករឡើងទៅជម្រាបជូនថ្នាក់លើ តាមដែលអាចធ្វើបាន ឬបើសិនថ្នាក់លើមានការអនុគ្រោះនោះគឺជារឿងតាមក្រោយ។ហើយការបង់ពន្ធនេះគឺបង់ពន្ធទៅលើប្រាក់ចំណេញជាក់ស្តែងមិនមែនលើប្រាក់ដើមទាំងស្រុងនោះទេ។
ទោះជាយ៉ាងណាអាជីវករនៅតែសុំបង់ពន្ធតាមរបបម៉ៅការដដែល ឬឡើងម្តងបន្តិចៗបានហើយ ដោយសារតែពួកគាត់លក់មិនដាច់ពិតមែន។
លោក ជា ពិសិដ្ឋ បានបញ្ជាក់ចុងក្រោយថា ច្បាប់បានអនុម័តចូលជាធរមានហើយត្រូវតែអនុវត្ត លោកប្រធានក៏ធ្លាប់ជួយតវ៉ាជំនួសបងប្អូនហើយ តែលទ្ធផលគឺមិនបានទេ។ ម្យាងទៀតបើអាជីវករណាលក់មិនដាច់សោះ គឺមិនជាប់ពន្ធប្រចាំខែនិងឆ្នាំទេ តែបើនៅជំពាក់ពីខែមុនៗចំពោះអ្នកលក់ដាច់គឺត្រូវតែយកធម្មតាមិនអាចចោលបានទេ៕