(ភ្នំពេញ)៖ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន ជាប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សា នៃវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលបន្ស៉ីគ្នារវាងផែនការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងទីក្រុងនៅកម្រិតនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានអាស៊ាន។

កិច្ចពិភាក្សានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ដែលដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេតព្រះស៊ីហនុ និងលោកស្រី Madelaine Alfelor Gazman អតីតៈអភិបាលខេត្តអ៉ីរីហ្គា នៃប្រទេសហ្វីលីពីន និងជាទូតឆន្ទៈ នៃសមាគមន៍ UCLG ASPAC។

ជាកិច្ចចាប់ផ្តើម នៃកិច្ចពិភាក្សានេះ លោក ឡុង ឌីម៉ង់ បានលើកឡើងអំពីសក្តានុពលដែលខេត្តព្រះសីហនុមានស្រាប់ ហើយខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានការយកចិត្តទុកដាក់ច្រើនដូចបណ្តា រាជធានី ខេត្តដទៃទៀត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពង្រីកមុខមាត់ខ្លួនឯងឲ្យកាន់តែទំនើប កាន់តែឆ្លាតវៃ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់ឱកាសលើវិនិយោគិនបរទេសមកបណ្តាក់ទុន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដែលបានពន្យាពេល នៃវឌ្ឍនភាពរបស់ខ្លួន ដើម្បីសម្រេច SDGs ឬ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកបានឲ្យដឹងថា កិច្ចពិភាក្សាមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើកការបន្ស៉ីគ្នាងរវាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងនីមួយៗ រួមទាំងបញ្ហាប្រឈមដែលបានកើតឡើង ហើយធ្វើការប្រៀបធៀបទៅនឹងអ្វីដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ដែលឆ្លើយតបទៅនឹងកម្រិតណាមួយ ដើម្បីដោះស្រាយឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព។

បើតាមលោក ឡុង ឌីម៉ង់ ការអនុវត្តផែនការអភិវឌ្ឍប្របដោយចីរភាពរបស់អង្គការសហប្រជាជាតិនេះ មានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យចំគោលដៅដែលបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាក់ស្តែង។ ចំពោះមតិយោបល់ និងបទពិសោធន៍ដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សានេះ និងត្រូវយកទៅបញ្ជូលក្នុងសេចក្តីថ្លែងការរួម នៅក្នុងវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ២០២២ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

សូមបញ្ជាក់ថា វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ បានរៀបចំឲ្យមានក្រុមពិភាក្សា ចំនួន៥ក្រុម ដែលកិច្ចពិភាក្សាទី១៖ ផ្តោតលើ ការធ្វើហិរញ្ញប្បទានគម្រោងដែលមានចីរភាពដើម្បីការអភិវឌ្ឍទីក្រុង, កិច្ចពិភាក្សាទី២៖ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន, កិច្ចពិភាក្សាទី៣៖ អភិបាលកិច្ចឌីជីថល, ទី៤៖នគរូបនីយកម្មអាស៊ានប្រកបដោយចីរភាព និងទី៥៖ ភាពធន់ និងអាកាសធាតុក្នុងទីក្រុង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ាន៕