Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ថោង ខុន ប្រកាសឧបត្ថម្ភថវិកាចំនួន ២០លានរៀល ដល់មូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន

02-12-2022 19:38

(ភ្នំពេញ)៖ តបតាមការអំពាវនាវជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយសូមឲ្យសប្បុរសជន មេត្តាបន្តចូលរួមឧបត្ថម្ភ ដល់មូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ទៅតាមលទ្ធភាពនោះ, នៅរសៀលថ្ងៃទី២​ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសចូលរួមឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល) ដល់មូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល «ឆ្នាំ២០២៥ កម្ពុជាគ្មានមីន និងផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹម»

សូមម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ តាមរយៈ Facebook ផ្លូវការ សម្តេចបានផ្ញើសារជូនជនរួមជាតិខ្មែរបញ្ជាក់ពីស្ថានភាពថវិកា សម្រាប់គាំទ្រការដោះមីននៅកម្ពុជា។ ដោយថវិកាសរុបប្រមាណ ១៨,៤៧៣,៥៧០ដុល្លារ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនសម្រាប់ការដោះមីន ត្រូវចំណាយអស់ហើយ នៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្តេចបានពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយនឹងការទម្លាក់ថវិកាជាតិ ៣០លានដុល្លារទៅក្នុងកម្មវិធីបោសសំអាតមីននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់សប្បុរសជន ចូលរួមតាមលទ្ធភាព ដើម្បីឱ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹម ជូនប្រជាពលរដ្ឋ៕