(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញបើកសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែក នៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោមប្រធានបទ «សុខភាពស្បែក ក្រោយជំងឺកូវីដ-១៩» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោកសាស្ដ្រាចារ្យបន្ដថា «តាងនាមឲ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍ចំពោះភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ និងកោតសរសើចំពោះគណៈកម្មការរៀបចំកិច្ចប្រជុំនេះ ស្របពេលដែលក្រសួងសុខាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ដល់សុខភាពទូទៅរបស់ប្រជាពលរដ្ឋ និយាយជារួម និងសុខភាពស្បែក និយាយដោយឡែក»។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា «ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា យើងបានរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសការចាក់វ៉ាក់ស៊ាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបានជោគជ័យដែលជាលទ្ធផលនាំឲ្យយើងអាចជួបជុំគ្នាក្នុងថ្ងៃនេះ»។
ទន្ទឹមនឹងនោះលោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា ក្រសួងសុខាភិបាលនៅសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនកំពុងទទួលរងនូវផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម និងលក់តាមទីផ្សារ ដែលគ្មានការត្រួតពិនិត្យពីអ្នកជំនាញសុខាភិបាល និងមានប្រជាពលរដ្ឋមួយចំនួនទៀតនិយមទទួលសេវាថែទាំព្យាបាលជំងឺស្បែក ដោយពុំបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
ដូច្នេះការរៀបចំសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែកនៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា គឺជាការរួមចំណែកដល់វិស័យសុខាភិបាលកម្ពុជា ដើម្បីបណ្តុះបណ្តាលបន្តជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យ ក្មួយៗនិស្សិត នូវចំនេះដឹង និងបទពិសោធន៍ថ្មីៗ តាមរយៈបទបង្ហាញរបស់វាគ្មិនជាតិ-អន្តរជាតិ មកពីបណ្តាប្រទេសជាមិត្ត ដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងឡាវ។
លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំ២ថ្ងៃនេះ វេជ្ជបណ្ឌិតទាំងអស់ នឹងទទួលបាននូវចំនេះដឹង បទពិសោធន៍ យកទៅអនុវត្តក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕