(ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន បានបង្ហាញជំហរ ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនឲ្យរឹងមាំបន្ថែមទៀត និងពង្រឹងលើការត្រៀមរៀបចំកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិន ដើម្បីអបអរសាទរខួប២៥ឆ្នាំនៃទំនាក់ទំនងដៃគូអាស៊ាន-ចិន ព្រមទាំងបញ្ហាសមុទ្រចិនខាងត្បូង។
ពាក់ព័ន្ធនឹងទំនាក់ទំនងដៃគូ អាស៊ាន-ចិន រដ្ឋមន្រ្តីការបរទេសទាំងអស់ បានទទួលស្គាល់នូវសមិទ្ធផលដ៏ធំធេងដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំកន្លងមក។ សម្លឹងឆ្ពោះទៅអនាគត រដ្ឋមន្រ្តីការបរទេសទាំងអស់ បានឯកភាពជម្រុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន មួយកម្រិតបន្ថែមទៀត ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ សមភាព មានអត្ថប្រយោជន៍ទៅវិញទៅមក និងមានការទទួលខុសត្រូវរួម ក្នុងគោលបំណងឈានទៅសម្រេចបាននូវវិបុលភាពថ្នាក់ជាតិ និងថ្នាក់តំបន់នៅ ក្នុងសតវត្សទី២១។
នេះបើតាមការលើកឡើងរបស់ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពដ៏រឹងមាំ ភាពជាដៃគូដ៏ស្អិតរមួត និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងអាស៊ាន និងចិន ដែលបានជម្រុញឲ្យទំនាក់ទំនង ដៃគូអាស៊ាន-ចិន ក្លាយជាភាពជាដៃគូមួយដែលមានអត្ថន័យដ៏ធំធេង និងប្រកបដោយផ្លែផ្កាបំផុតក្នុងចំណោម ដៃគូអាស៊ានទាំង១០។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្រ្តីការបរទេសទាំងអស់បានគូសបញ្ជាក់ថាឆ្នាំ២០១៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយប្រទេសសមាជិកអាស៊ាន និងចិន អបអរសាទរ ខួប២៥ឆ្នាំ នៃទំនាក់ទំនងដៃគូអាស៊ាន-ចិន។ រដ្ឋមន្រ្តីការបរទេសក៏បាន កត់សម្កាល់នូវសកម្មភាពនានាដើម្បីរំលឹកខួបអនុស្សាវរីយ៍ ដែលត្រូវបាននឹងកំពុងរៀបចំដោយអាស៊ាន និងចិន ក្នុង រយៈពេលពេញ១ឆ្នាំនេះ។
ក្នុងន័យនេះ លោកទេសរដ្ឋមន្រ្តី បានជម្រាបជូនកិច្ចប្រជុំថា «កម្ពុជានឹងរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ចំនួន៣ គឺ (១) កម្មវិធីផ្លាស់ប្តូរ ទស្សនកិច្ចយុវជន អាស៊ាន-ចិនលើកទី២ (២) កម្មវិធីសម្តែងសិល្បៈវប្បធម៌រួមអាស៊ាន-ចិន និង (៣) វេទិកាសហគ្រិន វ័យក្មេងអាស៊ាន-ចិន»។
សូមជំរាបថា លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ច ប្រជុំពិសេស របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងគុនមីញ សាធារណរដ្ឋ ប្រជាមានិតចិន ក្នុងនោះ លោក វីវៀន បាទ្បាគ្រីស្នាន (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសសិង្ហបុរី និង ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធាន នៃកិច្ច ប្រជុំខាងលើផងដែរ៕