(ភ្នំពេញ)៖ គ្រាដែលកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ កំពុងតែប្រព្រឹត្តទៅដោយរដ្ឋបាលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ ក៏មានកិច្ចពិភាក្សាការងារផ្សេងៗទៀតរបស់មន្ដ្រីជំនាញផងដែរ ដោយផ្ដោតលើប្រធានបទផ្សេងៗគ្នា និងធ្វើការបែងចែកជាក្រុម។

កិច្ចពិភាក្សាជាក្រុមនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ រួមមាន៖

*ទី១៖ ការធ្វើហិរញ្ញប្បទានគម្រោងដែលមានចីរភាពដើម្បីការអភិវឌ្ឍទីក្រុង

*ទី២៖ ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន, ការស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្ស៉ីគ្នារវាងផែនការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទីក្រុងនៅកម្រិតប្រទេសនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានអាស៊ាន

*ទី៣៖ អភិបាលកិច្ចឌីជីថល ការជំរុញបរិវត្តកម្មក្នុងទីក្រុងសម្រាប់ការចូលរួមរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋសំដៅសម្រេចបានឌីជីថលូបនីយកម្មក្នុងអាស៊ាន

*ទី៤៖ នគរូបនីយកម្មអាស៊ានប្រកបដោយចីរភាព ការបង្ហាញរបាយការណ៍នគរូបនីយកម្មអាស៊ានប្រកបដោយចីរភាព

*ទី៥៖ ភាពធន់នឹងអាកាសធាតុក្នុងទីក្រុង និងការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយនៅក្នុងតំបន់អាស៊ាន។

សូមជម្រាបថា នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានីអាស៊ាន និងវេទិការកិច្ចប្រជុំអភិបាលក្រុងអាស៊ាន។

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន គឺជាវេទិកាមួយសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ានទាំង១០ ដើម្បីលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្ន និងដែលអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវត្តល្អៗ ក៏ដូចជាទស្សនៈល្អៗសម្រាប់ការកសាងសហគមន៍អាស៊ាន។

កិច្ចប្រជុំនេះត្រូវបានខកខានមិនបានរៀបចំរយៈពេល២ឆ្នាំជាប់គ្នា គឺគ្រាន់តែចេញសេចក្តីថ្លែងការណ៍ពីចំងាយ ដោយសារមូលហេតុ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅឆ្នាំ២០២២នេះ កម្ពុជា គឺជាប្រធានប្តូរវេនរបស់អាស៊ាន ដោយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នករៀបចំកិច្ចប្រជុំនេះដោយផ្ទាល់ឡើងវិញ នាថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២២នេះ៕