(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Jean Mari Andre តំណាងអង្គការ HelpMeSee ដែលជាអង្គការមិនរកប្រាក់ចំណេញ ស្នាក់ការនៅទីក្រុង New York សហរដ្ឋអាមេរិក បានថ្លែងឱ្យថា អង្គការរបស់ខ្លួនមានបំណងនាំយកនូវបច្ចេកវិទ្យាបង្ហាញត្រាប់ (simulation-based aviation) មកបណ្ដុះបណ្ដាលគ្រូពេទ្យនៅកម្ពុជា។

ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត ក្នុងឱកាសទទួលបានការអនុញ្ញាតជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ នាទីស្ដីក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត Jean Mari Andre បានថ្លែងបន្ដថា អង្គការរបស់លោកមានចក្ខុវិស័យក្នុងការជួយលុបបំបាត់ភាពពិការភ្នែក ដែលបង្កដោយជំងឺភ្នែកឡើងបាយ តាមរយៈការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតឯកទេសចក្ខុរោគអំពីរបៀបវះកាត់ Manual Small Incision Cataract Surgery។ ស្ថាបនិកនៃអង្គការនេះ គឺលោក Albert L.Ueltschi ដែលជាស្ថានិកនៃក្រុមហ៊ុន FlightSafety International ផងដែរ បាននាំមកនូវបទពិសោធន៍នៃការបណ្ដុះបណ្ដាលអ្នកបើកបរយន្ដហោះ ដោយប្រើបច្ចេកវិទ្យាបង្ហាញត្រាប់ ដើម្បីបង្កើតឡើងនូវម៉ាស៊ីនសម្រាប់បណ្ដុះបណ្ដាលបង្ហាញត្រាប់សម្រាប់វះកាត់ភ្នែក (simulation-based Eye Surgery Simulator)។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ពេលនេះលោកមានបំណងនាំមកនូវបច្ចេកវិទ្យានេះ ដើម្បីជួយបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតនៅកម្ពុជា ក្នុងការវះកាត់ភ្នែកឡើងបាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Jean Mari Andre ដែលបានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះ។ លោកសាស្ដ្រាចារ្យបានថ្លែងទៀតថា ការបណ្តុះបណ្តាលបង្ហាញត្រាប់ តាមរយៈម៉ាស៊ីនសម្រាប់បណ្ដុះបណ្ដាលបង្ហាញត្រាប់សម្រាប់វះកាត់ភ្នែកនេះ ពិតជានឹងជួយលើកកម្ពស់សមត្ថភាពរបស់និសិ្សត និងគ្រូពេទ្យរបស់យើងឲ្យកាន់តែភាពស្ទាត់ជំនាញ មុននឹងធ្វើការវះកាត់លើអ្នកជំងឺជាក់ស្តែង។

លោករដ្ឋមន្ដ្រីសុខាភិបាលក៏បានណែនាំឲ្យអង្គការ HelpMeSee សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការរៀបចំការបណ្ដុះបណ្តាលនិសិ្សត និងវេជ្ជបណ្ឌិតឯកទេសចក្ខុរោគឲ្យបានច្រើន នាពេលអនាគតខាងមុខ។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត Jean Mari Andre បានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រគម្រោងនេះ ហើយលោកសន្យានឹងខិតខំរៀបចំស្នើសុំទៅស្នាក់ការកណ្តាលរបស់អង្គការ HelpMeSee នៅទីក្រុង New York ដើម្បីអនុវត្តគម្រោងនេះនៅកម្ពុជា៕