(ភ្នំពេញ)៖ លោក អៀម គន្ធឌី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះហត្ថលេខា លើគម្រោងកម្មវិធីជាមួយអង្គការចំនួន៧ ដើម្បីជួយដល់កុមារ ជនពិការ និងពលរដ្ឋក្រីក្រនៅកម្ពុជា។
ក្នុងពិធីចុះហត្ថលេខានោះ គ៏បានពិភាក្សា និងផ្តល់យោបល់ជាមួយអង្គការដៃគូ ដែលបានដាក់ពាក្យស្នើសុំកិច្ចព្រមព្រៀង និងពិភាក្សាពិនិត្យឯកសារ ដែលអង្គការបានបំពេញលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងផងដែរ។
លោក អៀម គន្ធឌី បានលើកឡើងថា មុននឹងក្រសួងសង្គមកិច្ចសម្រេច ចុះកិច្ចព្រមព្រៀងនេះ ក្រុមការងារបាន ចុះពិនិត្យ និងវាយតម្លៃគម្រោងគម្រោងកម្មវិធីរបស់អង្គការដៃគូ ដោយសហការជាមួយមន្ទីរ និងនាយកដ្ឋានពាក់ព័ន្ធ និងបានធ្វើរបាយការណ៍ពីលទ្ធផលនៃការចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងកម្មវិធីជូនថ្នាក់ដឹកនាំ និងបានប្រជុំជាមួយមន្រ្តីជំនាញ និងតំណាងអង្គការដៃគូ ដើម្បីពិនិត្យ និងសម្រួលលើខ្លឹមសារនៃកិច្ចព្រមព្រៀងគម្រោងកម្មវិធីរបស់អង្គការនីមួយៗ ដើម្បីប្រជុំពិនិត្យសម្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងកម្មវិធីនាថ្ងៃនេះ។
គួរបញ្ជាក់ថា អង្គការទាំង៧ ដែលក្រសួងសង្គមកិច្ច ចាប់ជាដៃគូ និងចូលរួមសហការរួមមាន
១៖ អង្គការមជ្ឈមណ្ឌលវះកាត់កុមារ
២៖ អង្គការជនពិការកម្ពុជា(CDPO)
៣៖ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន(PAFID)
៤៖ អង្គការ EPIC ARTS
៥៖ អង្គការស្វែងយល់លទ្ធភាពអ្នក
៦៖ អង្គការជំហ៊ានដំបូងកម្ពុជា
៧៖ អង្គការដៃកម្ពុជា