(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំការបណ្តុះបណ្តាលស្តីពី «និយាមនីតិវិធីប្រតិបត្តិការងារ របស់នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ» ក្រោមអធិបតីភាព លោក ស៊ុ្រន អង្គរ៉េន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ តាំងណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារ នៃនាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ សរុបចំនួន៨៨រូប។

លោក ស៊ុ្រន អង្គរ៉េន បានលើកឡើងពីតួនាទីភារកិច្ច របស់នាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ដែលជាសេនាធិការ ឲ្យអគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់។

លោកប្រធាននាយកដ្ឋាន បានគូសបញ្ជាក់អំពីភាពចាំបាច់ ក្នុងការបណ្តុះបណ្តាល អំពីនិយាមនីតិវិធីប្រតិបត្តិការងារនេះ គឺក្នុងគោលបំណងពង្រឹងនិងបង្កើនសមត្ថភាពស្ថាប័ន ធនធានមនុស្ស និងអភិបាលកិច្ច ល្អរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ តាមរយៈការបង្កើតឲ្យមានបទដ្ឋានរួម សំដៅធ្វើយ៉ាងណាឲ្យនីតិវិធី នៃការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ។

លើសពីនោះ ការទទួលខុសត្រូវរបស់មន្ត្រីពន្ធដារគ្រប់រូប ឲ្យកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ក្នុងន័យលើកកម្ពស់ កិត្យានុភាព សេចក្ដីថ្លៃថ្នូរ និងជំនឿទុកចិត្ត មកលើអគ្គនាយកដ្ឋានពន្ធដារទាំងមូល ពីសំណាក់អ្នកជាប់ពន្ធ និងសាធារណជនគ្រប់មជ្ឈដ្ឋាន។ នេះជាការបញ្ជាក់ របស់លោក ស៊ុ្រន អង្គរ៉េន។

លោក គង់ សុខហេង អនុប្រធានយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ បានធ្វើបទបង្ហាញអំពីសេចក្តីផ្តើម នៃនិយាមនីតិវិធីប្រតិបត្តិការងារនេះ ដោយបានគូសបញ្ជាក់ថា សំណុំឯកសារនៃនិយាមនីតិវិធី ប្រតិបត្តិការងារ រំលេចនូវទិដ្ឋភាពទាំងមូលនៃអង្គភាព ចាប់ពីទស្សនវិស័យ បេសកកម្ម គុណតម្ល រចនាសម្ព័ន្ធ តួនាទីភារកិច្ច រហូតដល់ចំណុចលម្អិតតាមប្រភេទការងារ រំហូរ និងគំរូនីតិវិធីនៃការដឹកនាំ គ្រប់គ្រង និងការអនុវត្តការងារប្រចាំថ្ងៃ។

លោក គង់ សុខហេង បានលើកឡើងថា ការបង្កើត និងការដាក់ឱ្យប្រើប្រាស់និយាមនីតិវិធីប្រតិបត្តិការងារ (SOP) គឺជាផ្នែកសំខាន់មួយ នៃអភិបាលកិច្ចនិងរដ្ឋបាលកិច្ច ឧត្តមានុវត្តន៍នៃការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តប្រព័ន្ធប្រតិបត្តិការការងារប្រចាំថ្ងៃ ដើម្បីធានានូវការអនុវត្តសកម្មភាពការងារ តាមលំដាប់លំដោយ និងរំហូរការងារ ដើម្បីសម្រេចលទ្ធផលការងារប្រចាំថ្ងៃឲ្យបានល្អ ត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលបំណងនិងគោលដៅដែលកំណត់ក្នុងផែនការយុទ្ធសាស្ត្រផែនការប្រតិបត្តិ ផែនការសកម្មភាព និងភារកិច្ចការងារប្រចាំថ្ងៃ។

លោកបានគូសបញ្ជាក់ថា និយាមនីតិវិធីប្រតិបត្តិការងារនេះ ក៏ជួយកាត់បន្ថយភាពសាំញ៉ាំ និងភាពជាន់គ្នានៃសកម្មភាពការងារ កាត់បន្ថយកំហុសដដែលៗ បង្កើនល្បឿននិងភាពទៀងទា ពង្រឹង
សុវត្ថិភាពនិងលើកកម្ពស់គុណភាព និងនិរន្តរភាពការងារតាមរយៈការអនុវត្តសកម្មភាពទាំងឡាយស្របតាមគំរូស្តង់ដារ ជាក់លាក់នៃដំណើរការឬនីតិវិធីបែបបទការងារនីមួយៗ ទោះបីជាមានការផ្លាស់ប្ដូរមន្ត្រីក៏ដោយ៕