(ម៉ែលប៊ន)៖ ក្រុមការងារ រៀបចំអង្គការចាត់តាំង យុវជនគណបក្ស​ប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានរៀបចំពិធី អបអរសាទរខួប​អនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើត​គណបក្សប្រជាជនកម្ពុជា (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ - ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦)  នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

កម្មវិធីនេះមានការចូលរួមពីលោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំ នៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់, លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន ព្រមទាំងអនុប្រធាន ប្រចាំប្រទេស និងប្រចាំតំបន់ជាច្រើនរូប  និងក្រុមការងារយុវជនប្រចាំនៅទីក្រុងម៉ែលប៊ន ប្រមាណជាង៧០០នាក់ ។

កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមបរិយាកាសសប្បាយរីករាយ និងជាការបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋនៅក្រៅប្រទេស និយាយជារួមប្រជាពលរដ្ឋខ្មែរដែល កំពុងរស់នៅក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី មានការគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងក្លៀវក្លា ដោយសារបងប្អូនប្រជាពលរដ្ឋ បានមើលឃើញពីការពិត នៃការអភិវឌ្ឍន៍ ប្រទេសជាតិមានការរីកចំរើនឥតឈប់ឈរ ក្រោមការដឹកនាំ របស់សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
 
សូមជំរាបថា ក្នុងរយៈពេល ៦៥ឆ្នាំកន្លងមកនេះ ទោះបីត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្មុគស្មាញ ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ច និងបានធ្វើអ្វីៗ​គ្រប់យ៉ាង ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនក្នុងគ្រប់ដំណាក់កាលរួមមាន៖ ការឆ្លងកាត់ការតស៊ូប្រឆាំង នឹងរបបឤណានិគមសង្គ្រាម ដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរ របស់ពួកលន់នល់ និងពួកបរទេសឈ្លានពានពីឆ្នាំ ១៩៧០ ដល់ ១៩៧៥។

ជាពិសេស គឺការតស៊ូរំដោះជាតិ និងប្រជាជនពីទារុណកម្ម និងការសម្លាប់រង្គាលយ៉ាងឃោរឃៅព្រៃផ្សៃបំផុតនៃរបបប្រល័យពូជសាសន៍ប៉ុលពត រយៈពេល៣ ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានបំផ្លិចបំផ្លាញ​ប្រទេសជាតិខ្ទេចខ្ទី ឱ្យធ្លាក់ចុះដល់ចំណុចសូន្យ។ ក្នុងរយៈពេល៣៧ឆ្នាំចុងក្រោយនេះគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូលនៅក្នុងការ ស្វែងរក សន្តិភាព និងការបង្រួបបង្រួមជាតិ ជូនប្រជាជនតាមរយៈកិច្ចព្រមព្រៀង ទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ និងបាន បញ្ចប់សង្គ្រាម រវាងខ្មែរ និងខ្មែរទាំងស្រុង ដោយគ្មានការបង្ហូរឈាម តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ដែលបង្កើតបាននូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាព ទឹកដីទាំងស្រុង ។

គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងរឹងមាំនូវខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី បង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាង ទូលំទូលាយជាមួយ សហគមន៍អន្តរជាតិ និងបានចូលរួមយ៉ាងសកម្ម ដោយស្មើភាព និងស្មើសិទ្ធិក្នុងនាមជាប្រទេសជាតិមួយដែលមានឯករាជ្យ និងអធិបតេយ្យពិតប្រាកដ នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ព្រមទាំងបានប្រែក្លាយ ខ្លួនពីប្រទេសដែលទទួលយកទាហានមួកខៀវ របស់អង្គការសហប្រជាជាតិ មកជាប្រទេសដែលបញ្ជូនកងកម្លាំង របស់ខ្លួនឱ្យពាក់មួកខៀវ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការ​សហប្រជាជាតិ នៅក្នុងប្រទេសមួយ ចំនួនដែលជាចំណុចក្តៅនៅលើសកលលោកវិញ៕