(ភ្នំពេញ)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ឱ្យដឹងថា ដើម្បីសម្រេចនូវគោលដៅកំណែទម្រង់រដ្ឋបាលសាធារណ:បាន មន្រ្តីរាជការចាំបាច់ត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លូន ក្នុងការពង្រឹងសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ល្អ និងការគោរពវិន័យហ្មត់ចត់។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការរដ្ឋបាលទូទៅ នាទីស្នាក់ការ NOCC ដែលបានធ្វើឡើងអស់រយៈពេល៤ថ្ងៃ ដែលមានសិក្ខាកាមចូលរួមប្រមាណ៦០នាក់។
លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា «ដល់ពេលហើយ ដែលមន្រ្តីរាជការត្រូវផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លូន ក្នុងការយកចិត្តទុកដាក់ពង្រឹងការងារ ឱ្យបានល្អ មានស្មារតី និងសាមគ្គីភាព ក្នុងការសហការគ្នាជាក្រុមធ្វើការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ការផ្លាស់ផ្នត់គំនិតក្នុងការអភិវឌ្ឍសង្គមជាតិ ត្រូវបន្តធ្វើទំនើបកម្មអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមរយៈការស្រាវជ្រាវបន្ថែមទៀត ជាពិសេ ត្រូវយល់ដឹងឱ្យកាន់តែស៊ីជម្រៅពីសិទ្ធិ កាតព្វកិច្ច និងវិន័យការងារ និងអនុវត្តឱ្យបានមត់ចត់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពការងារ ក្នុងអង្គភាព និងស្ថានប័ន»។
លោកបានបន្ថែមថា ដើម្បីឆ្លើយតបនឹងកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងអភិវឌ្ឍធនធានមនុស្ស មន្រ្តីរាជការ មន្រ្តីស៊ីវិល មន្រ្តីជាប់កិច្ចសន្យា ត្រូវធ្វើជាគម្រូល្អ ក្នុងការគោរពវិន័យឱ្យបានម៉ត់ចត់ និងចុះវត្តមានឱ្យបានទៀងទាត់រាល់ពេលបំពេញការងារ យកចិត្តទុកដាក់លើការប្រើប្រាស់សិទ្ធិជាមន្រ្តីរាជាការ ក្នុងការអនុវត្តកាតព្វកិច្ច និងវិន័យឱ្យបានត្រឹមត្រូវ ព្រោះមន្រ្តីរាជការមិនមែនត្រួតត្រាប្រជាពលរដ្ឋទេ តែមានកាតព្វកិច្ចបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលឱ្យខានតែបាន៕