(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការ រ៉ែថ្មសំណង់ និងការប្រកាស ស្តីពីការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានប្រកាសសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ក្រោយមើលឃើញថា ទីផ្សារថ្មសំណង់មានភាពគ្រប់គ្រាន់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ប្រសិនជាស្ថានភាពរ៉ែថ្មសំណង់ខ្វះខាត លោកនឹងចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណឡើងវិញ។

សិក្ខាសាលា និងការប្រកាសនេះ បានធ្វើឡើងសណ្ឋាគារភ្នំពេញ និងដោយមានការចូលរួមពីលោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង ប្រធាន សមាគមអ្នកផលិតថ្មសំណង់កម្ពុជា លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ រួមទាំងមានលោក លោកស្រី តំណាងក្រុមហ៊ុន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងដូចនេះថា «ឥឡូវនេះថ្ម សំណង់វាលិចទីផ្សារហើយ វាគ្រប់គ្រាន់ហើយ លើសតម្រូវការទៅទៀត អីចឹងហើយចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះទៅ សំណុំលិខិតទាំងឡាយដែលបានដាក់មកដល់ក្រសួងហើយនឹងចេញឱ្យ តែក៏ជាថ្ងៃចាប់ផ្តើមផ្អាក ជាបណ្តោះអាសន្ន ការចេញអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ត្រឹមនឹងសិនចុះ។ ពេលណាដែលគិតថាខ្វះខាត ចាំគិតគូរចេញឱ្យទៀត ឥឡូវនឹងផ្អាកពីថ្ងៃនេះជាបណ្តោះអាសន្នសិន ពីព្រោះអីមានច្រើនហើយ»

បន្ថែមពីនេះដែរ ជាមួយនឹងការទទួលស្គាល់ការបង្កើតសមាគមអ្នកផលិតថ្មសំណង់កម្ពុជា លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានបញ្ជាក់ដែរថា សមាគមនេះ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងការនាំយកសំឡេងពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការផលិតថ្មសំណង់ ដើម្បីស្នើទៅកាន់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះឱ្យទទួលបានលទ្ធផលល្អប្រសើរឡើងវិញ។

លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានបញ្ជាក់ដែរថា សមាគមអ្នកផលិតថ្មសំណង់កម្ពុជា ពិតជាប្រយោជន៍សម្រាប់អ្នកមានអាជ្ញាប័ណ្ណ រ៉ែថ្មសំណង់ និងស្នើឱ្យម្ចាស់អាជីវកម្មដែលមានអាជ្ញាប័ណ្ណរួច ចូលរួមទាំងអស់គ្នា ដោយមិនចាំបាច់បង្កើតសមាគម នៅតាមបណ្តាខេត្តផ្សេងៗទៀតនោះទេ ដោយសមាគមនេះមួយ គឺសម្រាប់ប្រទេសកម្ពុជាតែម្តង ហើយការចូលរួមនេះនឹងធ្វើឱ្យមានសមាគម មានកម្លាំងគ្រប់គ្រាន់ ក្នុងការជជែក ការពារផលប្រយោជន៍ និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាផងដែរ។

ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានស្នើឱ្យលោកឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង ប្រធានសមាគមអ្នកផលិតថ្មសំណង់កម្ពុជា ត្រូវធ្វើការឱ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈរបស់សមាគម និងអ្នកដែលទើបចូលក៏ត្រូវមេីលលក្ខន្តិកៈ ឱ្យបានរួចរាល់ ច្បាស់លាស់មុននឹងចូលជាសមាជិកផងដែរ៕