(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក ជាំង ជឺមីន អតីតប្រធានាធិបតីចិន។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនលោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភាកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ឯកឧត្តម ជាំង ជឺមីន អតីតប្រធានាធិប់តី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ជាំង ជឺមីន គឺជារដ្ឋបុរសដ៏ឆ្នើមដែលបានលះបង់ស្ទើពេញមួយជីវិតដើម្បីបុព្វហេតុអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចប្រទេសចិនឱ្យមានការរីកចម្រើនដ៏អស្ចារ្យ នាំមកនូវវឌ្ឍនភាព វិបុលភាពដ៏ត្រចះត្រចង់ជូន ប្រជាជនចិន និងនាំមកជូនជាតិនូវកិត្យានុភាព ឧត្ដមភាពដ៏ខ្លាំងក្លានៅក្នុងតំបន់ និងសកលលោក ហើយ កិត្តិនាម និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមទទួលបាននូវការគោរពស្រឡាញ់ពីបណ្ដាថ្នាក់ដឹកនាំ កំពូលៗ និងប្រជាជនជាច្រើននៅក្នុងសកលលោក។

ឯកឧត្តម ជាំង ជឺមីន ជាមិត្តភក្តិដ៏ល្អរបស់កម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ខ្ពស់ដល់ការថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិន និងធ្លាប់បានរួមដំណើរជាមួយប្រជាជនកម្ពុជាក្នុង ការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនឆាប់រហ័ស។ មនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តម ជាំង ជឺមីន ចំពោះប្រជាជនកម្ពុជាត្រូវបានចងចាំជារៀងរហូត។

ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងក្ដុកក្ដួលបំផុតជាមួយឯកឧត្តមប្រធាន និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិន ជាមួយក្រុមគ្រួសារឯកឧត្តម ជាំង ជឺមីន ជាមួយរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ចំពោះការបាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជាំង ជឺមីន បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ»៕