(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា រណស្សិរ្ស ២ ធ្នូ ឆ្នាំ១៩៧៨ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឲ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់។

លោក សោម ស៊ុន ធ្វើឡើងក្នុងឱកាសចូលរួមអង្គមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២២) នៅទីរួមស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកជិត១ពាន់នាក់។

លោកបានថ្លែងថា «ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ ជាថ្ងៃគម្រប់ខួបលើកទី៤៤ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២២) ទិវាកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា» ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរធ្វើចលនាតស៊ូ ក្នុងគោលដៅរំដោះជាតិមាតុភូមិនិងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញរួចផុត ពីគ្រោះមហន្តរាយនិងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជ សាសន៍ប៉ុលពត។

រណសិរ្ស ២ ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស ២ ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្តារកសាងនិងអភិវឌ្ឍន៍សង្គមជាតិគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ រយៈពេល៤៤ឆ្នាំកន្លងផុតទៅ ក៏ពិតមែនប៉ុន្តែព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅតែស្ថិតក្នុងដួងចិត្ត និងការចងចាំនៃប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ផ្អែកលើមូលដ្ឋាននេះដែលធ្វើឲ្យប្រជាជនកម្ពុជានៅយល់ដឹងយ៉ាងច្បាស់ថា រណសិរ្ស ២ ធ្នូ ជាបុព្វការីដ៏មានមហាគុណូបការៈចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាបច្ចុប្បន្នប្រជាជនកម្ពុជារស់នៅយ៉ាងសុខដុមរមនា ក្នុងសន្ដិភាពសេរីភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ា នៃការអភិវឌ្ឍន៍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយ ដែលសម្រេចបាន ពិសេសបានពង្រឹងនូវមូលដ្ឋានគ្រឹះ សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីករបស់ប្រជាជន។

លោកបានបន្ដថា រាជរដ្ឋភិបាលកម្ពុជាអាណត្តិទី៦របស់រដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបាននឹងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រចតុកោណនៃគោលនយោបាយ សេដ្ឋកិច្ចសង្គមរបស់ខ្លួន។

រាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ និងសកម្មភាពប្រកបដោយផ្លែផ្កាក្នុងការអនុវត្តន៍រាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅទាំងឡាយដែលកាន់តែពង្រីកបាននូវលក្ខណៈសម្បត្តិ អនុគ្រោះថែមទៀតដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ៕