(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល សូមអំពាវនាវជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងបន្ទប់ជួលទាំងអស់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល សូមរក្សាតម្លៃ និងគុណភាពសេវាកម្មទាំងអស់ឱ្យនៅដដែល ហាមដាច់ខាត មិនឲ្យឡើងថ្លៃឡើយ ប៉ុន្តែអាចពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង មាតាបិតា ឬអាណាព្យាបាលរបស់បេក្ខជនប្រឡង។

ក្នុងសេចក្ដីអំពាវនាវរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលបានបង្ហោះសារនៅបណ្ដាញសង្គមសង្គមរបស់លោកមានខ្លឹមសារចំនួន២ចំណុច៖

*ទី១៖ សូមរក្សាតម្លៃ និងគុណភាពសេវាកម្មទាំងអស់ឱ្យនៅដដែល ដោយពុំដំឡើងថ្លៃបន្ទប់ស្នាក់នៅ ឬអាចពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង មាតាបិតា ឬអាណា
ព្យាបាលរបស់បេក្ខជនប្រឡង។

*ទី២៖ បន្តចូលរួមអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យសម្លាប់មេរោគ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ជាពិសេសរក្សានូវវិធានការ «៣ការពារ និង៣កុំ»​ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស នៅថ្ងៃទី០៥-០៦ ខែ ធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ រដ្ឋបាលខេត្តកណ្តាល បានរៀបចំមណ្ឌលប្រឡងនៅតាមក្រុង និងស្រុក ចំនួន៣ រួមមាន ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ដែលជាហេតុតម្រូវឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង មាតាបិតា ឬអាណាព្យាបាល របស់បេក្ខជនប្រឡង ត្រូវមកស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួល នៅក្នុងមូលដ្ឋានក្រុង ស្រុក ខាងលើ ដើម្បីចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ៕