(ភ្នំពេញ)៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិការអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (AMF 2022) បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bernadia Iranwati Tjandradewi អគ្គលេខាធិការសមាគម ULCG ASPAC និង AMF។

សូមជម្រាបថា នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកា AMF និងកិច្ចប្រជុំ MGMAC ឆ្នាំ២០២២នេះ ប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ដោយមួយថ្ងៃកន្លះ ជាកិច្ចប្រជុំពិភាក្សា និងកន្លះថ្ងៃជាដំណើរទស្សនកិច្ច។

ប្រធានបទ នៃវេទិកា និងកិច្ចប្រជុំទាំងពីរខាងលើ ត្រូវបានជ្រើសរើសឡើង ស្របតាមមូលបទប្រចាំឆ្នាំរបស់អាស៊ាន ដែលព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះ «អាស៊ានរួមគ្នាធ្វើ៖
ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addres sing Challenges Together) និងស្របទៅតាមបរិបទការងាររបស់ទីក្រុង ដែលក្នុងនោះ វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum) ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី»