(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យរដ្ឋបាលមូលដ្ឋានអាស៊ានគាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន។

ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ពេលអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addressing Challenges Together) នៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងសុន្ទរកថាបើករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏សូមស្នើឱ្យរដ្ឋបាលមូលដ្ឋានអាស៊ាន គាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជាបានស្នើឱ្យមានការរៀបចំឡើង ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព»

បើតាមប្រសាសន៍សម្តេចតេជោ គម្លាតនៃការកសាងទីក្រុងឆ្លាតក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្នការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល ។ ក្នុងន័យនេះ, រដ្ឋបាលក្រុង, រាជធានីនិង រដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និង ចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខ, ស្ថិរភាព និង សោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត, អគ្គីសនី និងសំណល់ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ សម្តេចស្នើឲ្យមានការតម្រឹមកិច្ចខិតខំប្រឹងប្រែង ជាមួយការរៀបចំ និងជំរុញការអនុវត្តផែនការ សកម្មភាពរួមគ្នាជាក់ស្តែង ដូចជាផែនការសកម្មភាពទីក្រុងឆ្លាត ជាដើម ដើម្បីធានាបរិយាបន្នក្នុងតំបន់ពិតប្រាកដ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា អាស៊ានគួរតែពិចារណា លើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ក្នុងឋានៈជាប្រធានអាស៊ាន។

ថ្លែងនាឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ លើទឹកដីអង្គរខេត្តសៀមរាប សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «នាពេលបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហា បម្រែបម្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០៣០ ដែលអាស៊ានគួរពិចារណាលើគំនិតផ្តួចផ្តើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលខ្ញុំធ្លាប់បានលើកឡើងកន្លងមកនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ»។

សម្តេចតេជោ បានលើកឡើងថា ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌធំទូលាយមួយ ដែលសម្តេចហៅថាជា កិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាត ឱ្យតំបន់របស់អាស៊ាន អាចប្រែខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការប្រើប្រាស់ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍នូវមតិយោបល់របស់សមាជិកអាស៊ាន ក្នុងការធ្វើឱ្យគំនិតផ្ដួចផ្ដើមនេះក្លាយជាការពិត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យតំបន់របស់យើងអាចប្រែក្លាយខ្លួនបន្តិចម្ដងៗឆ្ពោះទៅកាន់អនាគតបៃតងដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា អាស៊ាននឹងបន្តធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជម្នះរាល់បញ្ហាប្រឈមនានា និងការកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ» និងឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាពិសេសប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់អាស៊ាន៕