(អេហ្ស៊ីប)៖ បន្ទាប់ពីរកឃើញប្រអប់ខ្មៅ ដែលផ្ទុកប្រដាប់ថតសំឡេង «Voice Recorder» នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅថ្ងៃនេះ ប្រអប់ខ្មៅទី២ Data Recorder របស់យន្តហោះ EgyptAir ត្រូវបានក្រុមស្វែងរក និងស្រាវជ្រាវ រកឃើញ និងស្រង់ចេញពីបាត់សមុទ្រមេឌីទែរ៉ាណេហើយ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅមុននេះបន្តិច។
ក្រុមអ្នកស៊ើបអង្កេតអេហ្ស៊ីប បានបញ្ជាក់ឲ្យដឹងថា ប្រអប់ខ្មៅទី២ ដែលផ្ទុកទិន្នន័យទាំងមូលបាន ត្រូវបានរកឃើញ និងស្រង់ចេញពីបាតសមុទ្រមេឌីទែរ៉ាណេហើយ នៅល្ងាចថ្ងៃនេះ ហើយវាក៏ជាសំណាងណាស់ដែរ ព្រោះវាមិនទាន់ផុតកាលកំណត់រយៈពេល ៣០ថ្ងៃ។
គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ ជើងហោះ Flight 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir បានបាត់ពីប្រព័ន្ធរ៉ាដា ខណៈកំពុងហោះហើរពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ជាមួយនឹងមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ និងបានធ្លាក់នៅសមុទ្រមេឌីទែរ៉ាណេ៕