(ភ្នំពេញ)៖ ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន និងអង្គការ WWF មានក្តីរំភើបជាខ្លាំងខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍កាលពីពេលថ្មីៗនេះ ស្តីពីស្ថានភាពសត្វព្រៃតាមរយៈរូបភាពថតដោយពីម៉ាស៊ីនថតស្វ័យប្រវត្តិ។ នេះបើយោងតាមទំព័រ Facebook របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានរយៈបណ្តាញសង្គម បានរៀបរាបថា រូបភាពដែលក្រុមការងារបានបញ្ជូ​នមកសម្រាប់ជារបាយការណ៍បឋមបានបង្ហាញវត្តមានរបស់សត្វដំរីអាស៊ី ហ្វូងសត្វខ្ទីង និងហ្វូងសត្វទន្សោងដែលសុទ្ធសឹងជាប្រភេទសត្វកម្រ ព្រមទាំងសត្វជ្រូកព្រៃ សត្វឈ្លូស សត្វក្ងោក សត្វសំពោចកលឿង និងស្វាក្តាមផងដែរ។

ការតាមដានសត្វព្រៃដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបច្ចុប្បន្នបានការគាំទ្រថវិកាពីកម្មវិធីអភិរក្សសត្វព្រៃនៃអង្គការ WWF ថ្នាក់តំបន់ និង WWF-Belgium ជាផ្នែកសំខាន់មួយនៃកម្មវិធីស្រាវជ្រាវ និងតាមដានជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។

សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា កំពុងប្រឈមនឹងការគំរាមកំហែងពីការជាប់អន្ទាក់ ដែលជាមូលហេតុចម្បងនាំឱ្យសត្វព្រៃបាត់បង់ពូជ និងចំនួនសត្វព្រៃថយចុះ។ គេចាំបាច់ត្រូវចាត់វិធានការអភិរក្សសំខាន់ៗ រួមគ្នាបន្ទាន់បន្ថែមទៀត ដើម្បីការពារសត្វព្រៃដែលមានតម្លៃជាសកលទាំងនេះ ធានាថាទីជម្រកធម្មជាតិរបស់វាគ្មានការដាក់អន្ទាក់ និងបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលពីសត្វព្រៃ ដើម្បីស្តារចំនួនសត្វទាំងនេះឱ្យកើនឡើងវិញ និងអាចបន្តរស់រានក្នុងដែនជម្រកធម្មជាតិទៅថ្ងៃអនាគតសម្រាប់ជាប្រយោជន៍មនុស្ស និងធម្មជាតិ។

«យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានអនុវត្តជាផ្លូវការចាប់តាំងពីខែមីនា ឆ្នាំ២០២២មក ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងដោយមានការគាំទ្រពីដៃគូអភិរក្សនិងដៃគូអភិវឌ្ឍន៍ ជាវិធានការបន្ទាន់រួមគ្នាមួយ ដែលត្រូវបានរៀបចំឡើង ដើម្បីរួមចំណែកជាដំណោះស្រាយ ចំពោះការគំរាមកំហែងដល់ជីវិតសត្វព្រៃ ដោយមានគោលដៅបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា៕