(ប៉ៃលិន)៖ លោក សុគន់ ហឿង សកម្មជនគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹង លោក សុខ លី ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ ជាជំទប់ទីពីរ ឃុំសាលាក្រៅ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទញុះញង់ខុសច្បាប់ ដោយឲ្យរូបគាត់ដើរប្រមូលប្រជាពលរដ្ឋដែលរស់នៅ ក្នុងឃុំសាលាក្រៅ ឲ្យផ្តិតមេដៃគាំទ្រ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
ក្រោយការដាក់ពាក្យបណ្តឹងនេះ លោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានចាត់ឲ្យលោកវរសេនីយ៍ទោ ញឹក ថុល អធិការនគរបាល ស្រុកសាលាក្រៅ ដឹកនាំក្រុមការងារដើម្បីទទួលពាក្យបណ្តឹង របស់លោក សុគន់ ហឿង សកម្មជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោក សុគន់ ហឿង សកម្មជនគណបក្សសង្គ្រោះជាតិ បានអះអាងឲ្យដឹងថា «លោក សុខ លី ជំទប់ទីពីរ ឃុំសាលាក្រៅ បានប្រាប់រូបខ្ញុំឲ្យដើរប្រមូល ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំសាលាក្រៅ ឲ្យផ្តិតមេដៃគាំទ្រ លោក គឹម សុខា ដោយនិយាយបោកថា ការផ្តិតនេះមេដៃនេះមិនមានខុសច្បាប់អ្វីទេ ប៉ុន្តែពេលដែលរូបគាត់ដើរផ្តិតមេដៃ ស្រាប់តែមានអាជ្ញាធរមកហាមឃាត់មិនឲ្យខ្ញុំបាទធ្វើទៅវិញ»។
លោក សុគន់ ហឿង បានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការប្តឹងនេះ គឺទី១ សុំឲ្យសមត្ថកិច្ចធ្វើទៅតាមផ្លូវច្បាប់លើឈ្មោះ សុខ លី ដែលបានញុះញង់ រូបគាត់។ ទី២៖ បន្ទាប់ពីបានធ្វើការហាមឃាត់ពីសមត្ថកិច្ចរួចមក ខ្ញុំបាទសុំឈប់ និងលាលែងពីសកម្មជនគណបក្សសង្រ្គោះជាតិទៀតហើយ និងសុំចូលខ្លួនមកបំរើឲ្យគណបក្សប្រជាជនវិញ៕