(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន រួមទាំងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកនៃអាជ្ញាធរមីន បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានទម្លាក់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក ដាក់ចូលទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះនឹងរួមជាមួយថវិកាពីដៃគូអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។
សូមជម្រាបដែរថា នៅលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចទើបនឹងសម្រេចទម្លាក់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក ដាក់ចូលទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសទៀតបញ្ជាក់ថា ថវិកាសរុបប្រមាណ ១៨,៤៧៣,៥៧០ដុល្លារ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់ហើយនៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះលោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ដូចនេះថា ក្នុងនាមប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាប្រជាជនកំពុងបន្តរស់នៅក្នុងតំបន់រងការគម្រាមដោយសំណល់ជាតិផ្ទុះពីសង្រ្គាម សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរដល់សុខសុវត្ថិភាព ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ គ្រប់វ័យ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបន្ថែមទៀតថា អាជ្ញាធរមីន នឹងបន្តសហការជាមួយកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិកងរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងប្រើប្រាស់ថវិកា ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ធ្វើការបោសសម្អាតមីនឲ្យចំគោលដៅជាអាទិភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ ក្នុងគោលបំណងចូលរួមពន្លឿនផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម។
អាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តដឹកនាំ គ្រប់គ្រង និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធដើម្បីពន្លឿន លើកកម្ពស់ប្រសិទ្ធភាព និងធ្វើទំនើបកម្មក្នុងការងារបោសសម្អាតមីន ខណៈពេលដែលកម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណ ២ ០០០គីឡូម៉ែត្រក្រឡាទៀត ក្នុងនោះផ្ទៃដីមានមីនប្រមាណជា ៦៧០ គីឡូម៉ែត្រក្រឡា (របាយការណ៍គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២) ស្ថិតក្នុងខេត្តចំនួន ១៩ទៀត ដែលកម្ពុជាមានមហិច្ឆតា ត្រូវបញ្ចប់ឲ្យអស់ត្រឹមឆ្នាំ២០២៥។
លោកទេសរដ្ឋមន្រ្តី បានអះអាងទៀតថា ក្រុមការងារបច្ចេកទេសរបស់ អាជ្ញាធរមីន នឹងបន្តធ្វើការជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដេីម្បីរៀបចំគោលនយោបាយពាក់ព័ន្ធ ក៏ដូចជារៀបចំកិច្ចប្រជុំបន្ទាន់ជាមួយប្រតិបត្តិករដោះមីនជាតិទាំងបី នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដេីម្បីរៀបចំដំណើរការ និងផែនការបោសសម្អាតឲ្យទាន់ពេលវេលាផងដែរ៕