(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានប្រគល់ឧបករណ៍អមវេជ្ជសាស្រ្តដ៏ទំនើប៥គ្រឿង ដល់មន្ទីរបង្អែកចំនួន៥នៅរាជធានីភ្នំពេញ ក្នុងឳកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្តធ្វើរោគវិន្និច្ឆ័យបានរហ័ស (General Practitioner Workstations Plus Rapid Test) ។

ពិធីប្រគល់ និងទទួលឧបករណ៍ខាងលើនេះ ដែលជាអំណោយរបស់ក្រុមហ៊ុន China Meheco Group Co., Ltd. និងក្រុមហ៊ុន China Garea Pte. Ltd. បានប្រព្រឹត្ដទៅនៅមន្ទីរពេទ្យបង្អែកកម្ពុជា-ចិន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។

លោករដ្ឋមន្ដ្រីសុខាភិបាលបានថ្លែងថា ការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំកំពូលប្រទេសយើងទាំងពីរ កម្ពុជា-ចិន ដែលជាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរត្រូវបានបង្កើនឡើងជាលំដាប់ និងឈានដល់កម្រិតកំពូលគឺ «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ តាំងពីឆ្នាំ២០១១ និងកំពុងតែអនុវត្តផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន» និងជាពិសេសក្នុងអំឡុងពេល ដែលពិភពលោកទាំងមូលរងនូវការរាលដាលដោយជំងឺកូវីដ-១៩ សាធារណរដ្ឋប្រជាមានិតចិនទាំងវិស័យរដ្ឋ ឯកជន និងសមាគមបានផ្តល់ជំនួយសង្រ្គោះបន្ទាន់ ដើម្បីការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ-១៩។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេងបន្ដថា ឧបករណ៍អមវេជ្ជសាស្រ្តដ៏ទំនើបទាំង៥គ្រឿងខាងលើនេះ អាចជួយធ្វើរោគវិន្និច្ឆ័យបានរហ័ស តាមរយៈមុខងារទាំង៣របស់វា គឺ១៖ តាមដានសញ្ញាជីវិត (Vital Signs) រួមទាំងការតាមដានចង្វាក់បេះដូងអេឡិចត្រូនិច (ECG) ២៖ ការធ្វើតេស្តឈាមខ្នាតតូចនិងរហ័ស និង៣៖ ម៉ាស៊ីនអេកូខ្នាតតូច។ លើសពីនេះទៀត ឧបករណ៍អមវេជ្ជសាស្រ្ត នេះមានសមត្ថភាពអាចធ្វើរោគវិន្និច្ឆ័យ និងពន្យល់ពីវិធីព្យាបាលបានទៀតផង ប្រសិនបើយើងអាចបញ្ចូលទិន្ន័យពេញលេញ។ ជាងនេះទៅទៀតវាក៏អាចបញ្ជូនព័ត៌មាន ឬទិន្នន័យអ្នកជំងឺទៅឲ្យអ្នកឯកទេសតាមអនឡាញ ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យកាន់តែច្បាស់ ឬផ្តល់ប្រឹក្សាបន្ថែម (Telemedicine)។

លោករដ្ឋមន្ដ្រីសុខាភិបាល បានសង្ឃឹមជឿជាក់ថា មន្ទីរពេទ្យបង្អែកទាំង៥ រួមមានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិនសែនសុខ, មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង, មន្ទីរពេទ្យបង្អែកចតុមុខ និងមន្ទីរពេទ្យបង្អែកដង្កោ ដែលបានទទួល និងបានរៀនពីរបៀបប្រើប្រាស់ ថែទាំឧបករណ៍អមវេជ្ជសាស្រ្តឌីជីថលនេះ នឹងយកទៅប្រើប្រាស់ក្នុងស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីចូលរួមចំណែកបង្កើនគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុន MEHECO និងក្រុមហ៊ុន GAREA និងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំង២ បន្តសហការឧបត្ថម្ភគាំទ្រ និងវិនិយោគវិស័យសុខាភិបាលនៅកម្ពុជា។

លោកសាស្ដ្រាចារ្យក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើសុខភាពជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ទោះក្នុងកាលៈទេសៈប្រទេសជាតិបានរងគ្រោះដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ជាពិសេសធានាបានសេវាសុខភាពជាសារវ័ន្ត។

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើឱ្យមន្ដ្រីសុខាភិបាលទាំងអស់ បន្តប្រតិបត្តិនូវកាយវិកាដ៏ល្អប្រពៃនេះ ហើយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួនបំផុត ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ៕