(កំពង់ធំ)៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូរពីសុខភាព និងភាពលំបាករបស់ប្រជាពលរដ្ឋ ពីប្រមុខថ្នាក់ដឹកនាំ រដ្ឋបាលស្រុកតាំងគោក នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាព ចុះធ្វើការពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅភូមិរំចេក ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនោះដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងបានអះអាងថា សម្តេចតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួន។

លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណនូវក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនលោកយាយ លោកតា ដែលសកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

សូមបញ្ជាក់ដែរថា៖ ការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល ១ព្រឹក គឺចាប់ពីម៉ោង ៧៖៣០នាទីព្រឹក រហូតដល់ម៉ោង ១១ព្រឹក ដោយក្រុមគ្រូពេទ្យជំនាញជម្ងឺទូទៅ និងបានពិនិត្យ និងព្យាបាលជំងឺជូនលោកយាយ លោកតា បាន ៣៤៧នាក់ ស្រី ២៨១នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនិងបន្តធ្វើទៀតផងដែរ៕