(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា គណៈកម្មការស្រាវជ្រាវ និង ធ្វើកោសល្យវិច្ច័យស្នាមេដៃ កំពុងរៀបចំរបាយការណ៍ពិសេសមួយ ជូនរដ្ឋាភិបាលកម្ពុជា អំពីករណីភាពមិនប្រក្រតីស្នាមមេដៃ ក្នុងញត្តិរបស់គណបក្ស សង្រ្គោះជាតិ ថ្វាយជូនព្រះមហាក្សត្រ ដោយទាមទារឲ្យដោះលែងមន្រ្តី សិទ្ធិមនុស្សអាដហុក ៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត១រូប។
ក្រៅពីរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ ខៀវ សុគ័ត លើកឡើងទៀតថា សម្រាប់រូបលោកផ្ទាល់ ស្នើសុំឲ្យលោក យ៉ែម បុញ្ញរិទ្ធ ចេញ មុខទទួលខុសត្រូវលើភាពមិនប្រក្រតី កើតចេញពីស្នាមមេដៃហ្នឹង ហើយមួយទៀតលោក យ៉ែម បុញ្ញរិទ្ធ ត្រូវមានវិធានការស្វែងរក មនុស្សម្នាក់ដែលបាន ផ្តិតស្នាមមេដៃ លើញត្តិទាំង៨៦រូប យកមកសាកសួរ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តឲ្យដឹងថា៖ «ឥលូវនេះ គណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យស្នាមេដៃ កំពុងរៀបចំរបាយការណ៍ពិសេស ជូនរដ្ឋាភិបាលកម្ពុជា ករណីភាពមិនប្រក្រតីស្នាមមេដៃក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ ថ្វាយជូនព្រះមហាក្សត្រខ្មែរ ដោយទាមទារឲ្យដោះលែងមន្រ្តី សិទ្ធិមនុស្សអាដហុក៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត១រូប។ សម្រាប់យោបល់របស់ខ្ញុំផ្ទាល់ ខ្ញុំស្នើឲ្យលោក យ៉ែម បុញ្ញរិទ្ធ ចេញមុខទទួលខុសត្រូវលើភាពមិនប្រក្រតីកើតចេញពីស្នាមមេដៃហ្នឹង ហើយមួយទៀត លោក យ៉ែម បុញ្ញរិទ្ធ ត្រូវមានវិធានការ ស្វែងរកអ្នកដែលផ្តិតស្នាម មេដៃទាំង៨៦រូប យកមកសាកសួរបន្ថែមទៀត។ បើមិនដូច្នេះទេ រាជរដ្ឋាភិបាលកម្ពុជា នឹងរបាយការណ៍ពីភាពមិនប្រក្រតីនោះទូលថ្វាយព្រះមហាក្សត្រ ជាក់ជាមិនខាន»។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃនាពេលនេះ ក្រោយពីគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យស្នាមេដៃ បានរកឃើញថា នៅក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ មានភាពមិនប្រក្រតីមួយចំនួន រួមមាន៖
ទី១៖ ស្នាមមេដៃធ្វើឡើង តែ២១រាជធានី-ខេត្ត ខុសពីការបញ្ជាក់ថា ប្រមូលនៅទូទាំង២៥រាជធានី-ខេត្ត។
ទី២៖ស្នាមមេដៃ ដែល ប្រមូលបាននៅក្នុងញត្តិ គឺមានស្នាមមេដៃ តែអត់មានឈ្មោះ មានខ្លះទៀត មានស្នាមមេដៃ មានឈ្មោះតែគ្មានអាស័យដ្ឋាន និងខ្លះទៀតមានឈ្មោះ អត់មានស្នាមមេដៃ និងអ្វីដែលពិសេសនោះ គឺមានស្នាមមេដៃតែមួយ បានផ្តិតលើឈ្មោះអ្នកដទៃរហូតទៅដល់៨៦នាក់។
សូមជំរាបថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ តំណាងដោយលោក យ៉ែម បុញ្ញរិទ្ធ បានធ្វើញត្តិមួយអមដោយ ស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួន ១៨ដុំ ស្មើនឹងជាង១៧ម៉ឺនស្នាមមេដៃ ដង្ហែទៅថ្វាយព្រះមហាក្សត្រខ្មែរ ដោយទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិ មនុស្សអាដហុក ៤រូប អគ្គលេខាធិការរងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត១រូប។ ក្នុងញត្តិក៏ទាមទារឲ្យដោះលែងសកម្មជនមន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្ត គណបក្សគណបក្សសង្រ្គោះជាតិ ព្រមទាំងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ ទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ៕