(ភ្នំពេញ)៖ ក្រុមហ៊ុន អឺរ៉ុប Europcar បានចាប់យកប្រទេសកម្ពុជា ជាសាខាទី១៤១ របស់ក្រុមហ៊ុន ខ្លួនក្នុងការផ្តល់សេវា​ជួលរថយន្ត ប្រភេទប្រណីតគ្រប់ប្រភេទដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងពិធីសម្ពោធក្រុមហ៊ុន Europcar Cambodia លោក konstantinos Vardakis ប្រធានក្រុមហ៊ុន Europcar Cambodia ប្រចាំប្រ ទេសកម្ពុជា បានថ្លែងថា កម្ពុជាមានស្ថេរភាពនយោបាយ និងសុខសន្តិភាពក្នុងប្រទេស ដែលបានផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរគ្រប់រូប ក្នុងការមកទស្សនាប្រទេសកម្ពុជា ពិសេសប្រាសាទអង្គរ ដែលត្រូវសាធារណមតិបោះឆ្នោតគាំទ្រ ឱ្យជាប់លេខមួយ​ផ្ទួនៗគ្នាថា ជាគោលដៅទេសចរណ៍ដ៏ល្អបំផុត ដូច្នេះហើយក្រុមហ៊ុន Europcar បានចាប់ផ្តើមការផ្តល់ជួលរថយន្ត ក្នុងលក្ខណៈប្រភេទប្រណីតតែប៉ុណ្ណោះ ដែលមានគុណភាព សុវត្ថិភាពជូន​អតិថិជន។

លោកបន្តថា នេះជាសាខាទីមួយសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនចាប់អារម្មណ៍ និង សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្តោតសំ ខាន់លើវិស័យទេសចរណ៍ ពោលគឺក្រុមហ៊ុនចង់បើកទ្វារ​ពីប្រទេសកម្ពុជា ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ខណៈដែល Europcar បានដឹកភ្ញៀវទេសចរពីលំដាប់ទាប រហូតដល់លំដាប់ខ្ពស់ តាមតម្រូវការរបស់ភ្ញៀវទេសចរ ដែលចង់បាន។

លោកបញ្ជាក់ដូច្នេះ «ទីនេះ ជាទ្វារមួយសម្រាប់ទទួលភ្ញៀវទេសចរអឺរ៉ុបទាំងអស់ ចូលមកកម្ពុជា ដែលជាប្រទេសមួយបើកចំហជើងមេឃ»។

លោក konstantinos Vardakis បន្តថា ក្រុមហ៊ុនគ្រោងដាក់រថយន្តប្រមាណជា ១ម៉ឺនគ្រឿង ដែលសហការជាមួយក្រុមហ៊ុន Volkswagen និង Hyundai សម្រាប់ដឹកភ្ញៀវ ដែលបម្រើឲ្យវិស័យ​ទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។  លោកបានបន្តថា គោលបំណងសំខាន់ ក្នុងការសម្ពោធក្រុមហ៊ុននេះ សម្រាប់បម្រើវិស័យទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។

លោកថា ក្រុមហ៊ុនមានរថយន្តជាប្រភេទលក្ខណៈគ្រួសារ និង មានរថយន្តសម្រាប់ដំណើរកម្សាន្ត តាមតម្រូវការរបស់ភ្ញៀវ។ ជាពិសេសវិស័យទេសចរណ៍របស់ប្រទេសនីមួយៗ នៅលើពិភពលោក​មានលក្ខណៈ​​ខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ។
 
លោក Marcus Bernhardf នាយកគ្រប់គ្រងក្រុមហ៊ុន Europcar ទូទាំងពិភពលោក បានមានប្រសាសន៍ថា ក្រុមហ៊ុន មានភ្ញៀវក្នុងដៃរួចជាស្រេចហើយ ដោយគ្រាន់តែមកបើកទ្វារស្វាគមន៍​ភ្ញៀវទេសចរទាំងអស់នោះ នៅប្រទេសកម្ពុជា តែប៉ុណ្ណោះ ដូច្នេះភ្ញៀវទេសចរ នឹងឈានជើងចូលទឹកប្រវត្តិសាស្ត្រមួយ ដោយគ្មានការភ័យបារម្ភអ្វីឡើយ។

លោកបន្តថា «បើមើលលើផែនទីលើពិភពលោក ប្រទេសកម្ពុជា មានទំហំតូចណាស់ នៅក្នុងចំណោម១៤១ប្រទេស ប៉ុន្តែក្រុមហ៊ុន Europcar បានចាត់ទុកប្រទេសកម្ពុជា ផ្នែកមួយ នៃបណ្តាញរបស់ Europcar ដែលត្រូវតែបង្ហូរភ្ញៀវទេសចរចូលមកកាន់ប្រទេសកម្ពុជា ក្នុងពេលអនាគត ដ៏ខ្លីខាងមុខនេះ»។

សូមបញ្ជាក់ថា Europcar មានសាខានៅទូទាំងពិភពលោកចំនួន ១៦០សាខា ដែលមានភ្ញៀវទេសចរជួលរថយន្តពី ៨ ទៅ១០លានក្នុងមួយថ្ងៃ៕