(ស្ទឹងត្រែង)៖ លោក ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក គិត ទ្រី អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីបើក សិក្ខាសាលា ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ច របស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអនុក្រឹត្យស្តីពីវិធានការ និងនីតិវិធីនៃការធ្វើអធិការ កិច្ចហិរញ្ញវត្ថុ ។

ពិធីបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០១ ខែ ឆ្នូ ឆ្នាំ២០២២ នៅសាលប្រជុំធំ សាលាខេត្តស្ទឹងត្រែង ក្នុងនោះ ក៏មានការចូលរួមផងដែរពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុងស្រុក និងមន្រ្តីរាជការ ជាច្រើនរូបទៀត។

ក្នុងអង្គពិធី លោក គិត ទ្រី បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជាជំនួយស្មារតីដល់មន្ត្រីរាជការ ថ្នាក់ក្រោមជាតិ ឲ្យយល់កាន់តែច្បាស់ ពីលិខិតបទដ្ឋាន ក្នុងការប្រមូលទិន្នន័យ ដែលពាក់ព័ន្ធទៅនឹងការធ្វើអធិការកិច្ច តាមក្រុង /ស្រុក និង មន្ទីរអង្គភាព ផងដែរ។

លោក ឆាយ រតនៈ បានលើកឡើងថា គោលបំណងសិក្ខាសាលានេះ គឺដើម្បីកាត់បន្ថយការ ត្រួតពិនិត្យមិនចាំបាច់ និងចៀសវាងការត្រួតពិនិត្យស្ទួនគ្នា។ ជាលទ្ធផលបានបង្កើតឡើងនូវ អនុក្រឹត្យស្តីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ចដែលត្រូវ បានប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចចុះហត្ថលេខា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមកាត់បន្ថយការធ្វើសវនកម្ម និងអធិការកិច្ចស្ទួនគ្នាច្រើនដង របស់សមត្ថកិច្ចត្រួតពីនិត្យពាក់ព័ន្ធមានលក្ខណៈតាមទម្លាប់ដដែលៗ ដែលត្រូវបាន អនុវត្តន៍ជាប្រពៃយូរឆ្នាំមកហើយ។
លោកបន្តថា ការធ្វើសវនកម្ម ឬអធិការកិច្ចដោយផ្អែកលើហា និភ័យជាក់ស្ដែង ឬតាមពាក្យបណ្តឹង ឬតាមការចង្អុលបង្ហាញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមពង្រឹងប្រសិទ្ធភាពការងាររបស់ស្ថាប័ន និងស្ថាប័នទទួលរង សវនកម្ម និងអធិការកិច្ចផងដែរ៕