(កំពង់ធំ)៖ លោកបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អំពាវនាវសហគ្រាសងាកមកប្រើប្រាស់ការផលិតដុំធ្យូងអនាម័យជីវម៉ាស ដើម្បីកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ។

លោក ទឹង ស៊ីនី បានថ្លែងក្នុងពេលចុះបំពេញទស្សនៈកិច្ចសិក្សារបស់ក្រុមហ៊ុន អេម រ៉ូ រាយ (Amru Rice Group) ដែលកែច្នៃអង្កាមដោយប្រើប្រាស់ម៉ាស៊ីន ឬបច្ចេកវិទ្យាទំនើបពីជប៉ុន ដើម្បីផលិតផលសម្រេចចេញទៅជាដុំធ្យូងអនាម័យជីវម៉ាស (អុសដុត) ដើម្បីកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ក្រោមប្រធានបទ «ការផ្ទេរបច្ចេកវិទ្យាសំឡេងបរិស្ថាន សម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះបៃតង ក្នុងវិស័យផលិតកម្មនៅកម្ពុជា»

គម្រោងនេះ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ UNIDO និងក្រសួងបរិស្ថាន ស្ថិតនៅភូមិបុសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកបន្តថា ដើម្បីផលិតផលសម្រេចចេញទៅជាអុស និយាយឲ្យចំទៅដើម្បីកាត់បន្ថយការកាប់ឈើកាប់អុសកុំឲ្យពិបាក គឺយើងយកអង្កាមផលិតចេញជាអុសហើយ យើងអាចប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម ដូចជាការប្រើប្រាស់ក្នុងឡចំហាយ ម៉ាស៊ីនភ្លើង ម៉ាស៊ីនដែលគេហៅថាបញ្ចេញដុតទៅ គឺបង្កើតជាចំហេះមិនប្រើប្រាស់ប្រេង ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។

លោកបន្តទៀតថា សម្រាប់ការផ្ទេរបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាបរិស្ថាន ឬបៃតងនៅក្នុងវិស័យផលិតកម្ម យើងបានគាំទ្រទាំងការផ្ទេរទន់ និងរឹង ហើយនៅក្នុងការផ្ទេរទន់ ឬយើងអាចនិយាយបានថា ជាការផ្ទេរចំណេះដឹង ការខិតខំប្រឹងប្រែងជាច្រើនលើការកសាងសមត្ថភាព ជំនួយបច្ចេកទេស គោលនយោបាយ ការអភិវឌ្ឍន៍បទប្បញ្ញត្តិ និងការលើកកម្ពស់ការលើកទឹកចិត្ត ការលើកកម្ពស់ការយល់ដឹង ការបង្ហាញ និងការគាំទ្រនៅរោងចក្រ និងសហគ្រាសធុនតូច និងមធ្យមក្នុងកម្រិតប្រតិបត្តិការជាន់ខ្ពស់ និងកម្រិតគ្រប់គ្រងផងដែរ។

លោកបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះអាចឆ្លុះបញ្ចាំងនៅក្នុងការផ្លាស់ប្តូរបៃតង តាមរយៈពានរង្វាន់ ដែលឈ្នះពានរង្វាន់ឧស្សាហ៍កម្មបៃតងកម្ពុជា ការអនុលោមតាមបទដ្ឋាន និងស្តង់ដារជាតិ និងអន្តរជាតិ ជាពិសេសតម្រូវការម៉ាកយីហោ ដើម្បីធានាថាការផលិតនៅកម្ពុជា អាចធានាបាននូវការផលិតរួម និងនិរន្តរភាព។

លោក ទឹង ស៉ីនី បានបន្ថែមថា កម្ពុជាបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាមួយនឹងចំណែកជាប់លាប់ ទោះបីកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នតិចក៏ដោយ ហើយកម្ពុជាជាប្រទេសមានការអភិវឌ្ឍតិចតួចបំផុត (LDC) និងជាប្រទេសទីមួយក្នុងអាស៊ាន ដែលបានដាក់ចេញនូវយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន ជាមួយនឹងគោលដៅឆ្នាំ ២០៥០ផងដែរ៕