(ភ្នំពេញ)៖ សម្តេចព្រះពោធិវង្ស អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សា ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោក សេង សុមុនី រដ្ឋលេខាធិការ តំណាងលោក ឈិត សុខុម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បាននិមន្ត និងអញ្ជើញអធិបតីប្រកាសប្រគល់ភារកិច្ចជូន ប្រគេនព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ឱ្យទទួលគ្រប់គ្រង និងដឹកនាំសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងដោយមានការចូលរួមពីមន្ត្រីសង្ឃ មន្ត្រីរាជការ សិស្ស និស្សិតជាច្រើនអង្គ\នាក់ និងដោយមានការឡើងអានសេចក្តី សម្រេចស្តីពីការប្រគល់ភារកិច្ច ដោយសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ។

នាឱកាសនោះសម្តេចព្រះពោធិវង្ស អំ លីមហេង មានសង្ឃដីការថា ការប្រកាសផ្លាស់ប្តូរនេះ ដោយសារតែសម្ដេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណារតនា មានអាពាធច្រើន មិនអាចបន្តធ្វើការបានទៅមុខទៀត ហើយសម្ដេចព្រះមហាអរិយវង្ស ក៏បានស្នើសុំឱ្យធ្វើការផ្លាស់ប្តូរដោយព្រះអង្គផ្ទាល់តែម្តង។

បន្ថែមពីនេះសម្តេចព្រះពោធិវង្ស អំ លីមហេង ក៏បានផ្តាំផ្ញើដល់សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ លោកព្រឹទ្ធបុរសរង និងអ្នកពាក់ព័ន្ធផ្សេងៗ ត្រូវប្រកាន់នូវធម៍សាមគ្គីគ្នា កុំមានការបែកបាក់ ទាស់ទែងគំនិតគ្នា ត្រូវរួមគ្នាធ្វើយ៉ាងណាដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឱ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត។

ជាមួយគ្នានោះដែរលោក សេង សុមុនី ក៏បានឱ្យដឹងដែរថា ការផ្តាស់ប្តូរតួនាទីនេះដែរ ក៏ដើម្បីជាការបំពេញបន្ថែមដើម្បីធ្វើយ៉ាងណាឱ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ កាន់តែមានការរីកចំរើនថែមទៀត ហើយការផ្លាសប្តូរនេះគឺជាកំណែរទម្រង់រដ្ឋបាល ដើម្បីបំពេញឱ្យបានគ្រប់ជ្រុងជ្រោង និងទាមទារឱ្យមានការចូលរួម អ្នកពាក់ព័ន្ធទាំងអស់ សហការគ្នាជាធ្លុងមួយ ទើងធ្វើឱ្យដំណើរការពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទទួលបានជោគជ័យផងដែរ។

សូមបញ្ជាក់ដែរថា ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Buddhist and Pali University ប្រទេសស្រីលង្ក, ថ្នាក់អនុបណ្ឌិតជំនាញទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Kelaniya University ប្រទេសស្រីលង្ក , ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ រាជបណ្ឌិត្យសភាកម្ពុជា, ថ្នាក់ក្រោយបណ្ឌិត Post-Doctoral Fellowship ទស្សនវិជ្ជាពុទ្ធសាសនា នៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក

ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត មានប្រវត្តិការងារ ជាសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពីឆ្នាំ២០០៦ ដល់ពេលច្ចុប្បន្ន, ជាអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ជាលេខាផ្ទាល់ និងជាអ្នកបកប្រែភាសាសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និងជាព្រះបាឡាត់គណរាជធានីភ្នំពេញផងដែរ៕