(ភ្នំពេញ)៖ តាមព័ត៌មានពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមិថុនានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ, ពលការិនីខ្មែរ ចំនួន០៤នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលករ-ពលការិនីខ្មែរ ទាំង០៤នាក់មានឈ្មោះ៖
១៖ ឈ្មោះ ច្រេស ចាន់រ៉ា អាយុ២៦ឆ្នាំ, ទី២៖ សេង សារិត អាយុ២៥ឆ្នាំ, ទី៣៖ ថៃ ថា អាយុ២៥ឆ្នាំ, ពលករទាំងបីនាក់រស់នៅភូមិឈើទេព ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានទៅប្រទេស ម៉ាឡេស៊ីធ្វើការនៅកសិដ្ឋានចិញ្ចឹមគោ តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៥ តាមរយៈមេខ្យល់ និងទី៤៖ ឈ្មោះ ហ៊ុ ស្រីល័ក្ខ អាយុ២៧ឆ្នាំរស់នៅភូមិ បូសចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានទៅធ្វើការនៅប្រទេស ម៉ាឡេស៊ីជាអ្នកបោសសំអាត តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន Master Cam Human Resources Co.,Ltd ពលការិនីរូបនេះបានមកស្ថានទូត កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៦ ស្នើសុំឲ្យស្ថានទូតជួយអន្តរាគមន៍ទាមទារប្រាក់ខែពីថៅកែ និងជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
ដោយមានការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី ហ៊ុ ស្រីល័ក្ខ បានបើកប្រាក់ខែ ដែលនៅសល់ និងសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ តាមសំណើសុំរបស់សាមីខ្លួន។ ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ពលករ-ពលការិនីទាំង០៤នាក់ ។
ពលការិនី ហ៊ុ ស្រីល័ក្ខ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ តាមជើងយន្តហោះ AK ៥៣៦ វេលាម៉ោង ០៧៖៣៥នាទីព្រឹក។ ចំណែកពលករទាំង០៣នាក់ទៀត នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ តាមជើងយន្តហោះ AK ៥៣៦ វេលាម៉ោង ០៧៖៣៥នាទីព្រឹក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានឲ្យដឹងទៀតថា ចំពោះស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសហការជាមួយ ក្រុមហ៊ុនពាក់ព័ន្ធ បញ្ជូនកម្មសិក្សាការីកម្ពុជា ចំនួន០៤រូប ដែលមានការលំបាកក្នុងការងារអោយបានវិលត្រឡប់ មកកម្ពុជាវិញ។
កម្មសិក្សាការីទាំង០៤រូប មានឈ្មោះ៖
ទី១៖ កញ្ញា ជៀម ឃីម បានទៅធ្វើការនៅប្រទេសជប៉ុន នៅក្រុមហ៊ុន Mizuhoshi នៅខេត្ត Gifu, ទី២៖ លោក ប៉េងទី គីមស៊ីន បានទៅធ្វើការនៅប្រទេសជប៉ុន នៅក្រុមហ៊ុន Hashimoto-gumi នៅខេត្តអូសាកា, ទី៣៖ កញ្ញា ង៉ែត ស្រីប៉ិច, ទី៤៖ កញ្ញា ឈុត ច័ន្ទណាវី,
សូមជំរាបថា កញ្ញា ង៉ែត ស្រីប៉ិច និងកញ្ញា ឈុត ច័ន្ទណាវី បានទៅធ្វើការនៅប្រទេសជប៉ុន នៅក្រុមហ៊ុន The Apparel Jigyo Kyodo-Kumiai នៅខេត្តអូសាកា បន្ទាប់មកបានប្តូរការងារទៅខេត្តអ៊ីបារ៉ាគី ។ កម្មសិក្សាការីទាំង០៤រូប បានត្រឡប់មកកម្ពុជាវិញហើយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៦៕