(កណ្ដាល)៖ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល និងសហការី នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាននាំយកបច្ច័យ និងអំណោយមនុស្សធម៌មួយចំនួន ទៅចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពក្មេង៤នាក់ដែលរងគ្រោះដោយឧប្បទ្ទវហេតុលង់ទឹកស្រះស្លាប់ នៅភូមិព្រែកសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងបរិយាកាសដ៏ក្រៀមក្រំនេះ លោក ទៀង សុគន្ធ ព្រមទាំងក្រុមការងារ បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសព ដោយថ្លែងនូវការសោកស្ដាយ ចំពោះមរណភាពនេះ គឺជាការបាត់បង់ បុត្រា បុត្រីជាទីស្រឡាញ់។

ជាការចូលរួមរំលែកទុក្ខដល់គ្រួសារសព សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រគល់ជូនដល់គ្រួសារសពនូវអំណោយមនុស្សមនុស្សធម៌រួមមានក្នុងមួយសពទទួលបាន ថវិកា ៥០ម៉ឺនរៀល អង្គ១បាវ ស្មើនឹង៥០គីឡូក្រាម ត្រីខ៥យួ ទឹកស៊ីអ៊ីវ២ យួរ ទឹកសុទ្ធ ២កេស មីជាតិ ២កេស ទឹកអាកុល ២ដប និងម៉ាស ២ប្រអប់ និងអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកថវិកា ៤០ម៉ឺនរៀលក្នុងមួយសព គណកម្មការផ្សារថ្នល់ទទឹង ឧបត្ថម្ភថវិកា ១,៧៥០,០០០៛ ក្នុងមួយសព រោចចក្រ WTH ឧបត្ថម្ភ ២០ម៉ឺនក្នុងមួយសព និងលោកអភិបាលស្រុកអង្គស្នួលបានឧបត្ដម្ភ ម្ឈូស០៤សម្រាប់សពក្មេងទាំង៤ផងដែរ។

គួររំលឹកផងដែរថា ករណីលង់ទឹកនេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រម៉ាន១១៖០០នាទី៕