(សៀមរាប)៖ បណ្ឌិតសភាទេសចរណ៍អឺរ៉ុប នឹងប្រគល់មេដាយ «សមាជិកកិត្តិយស» ជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ បន្ទាប់ពីសម្តេចតេជោ បានដឹកនាំអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅទូទាំងសកលលោក និង ការលើកស្ទូយតម្លៃទេសចរណ៍វប្បធម៌ក្នុងកម្រិតសកល។
គណ:ប្រតិភូអឺរ៉ុបដឹកនាំដោយលោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប បានធ្វើដំណើរមកដល់ ប្រទេសកម្ពុជាហើយ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។ ដំណើរមកដល់របស់គណៈប្រតិភូអឺរ៉ុប ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និង លោក ឡោ ធូរ៉ា ប្រធាននាយកដ្ឋានសិក្សារទីផ្សារ និងផ្សព្វផ្សាយនៃក្រសួងទេសចរណ៍នៅ ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសក្រសួងទេសចរណ៍ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៦នេះថា «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» នេះ ត្រូវបានគេប្រគល់ជូនប្រមុខដឹកនាំដូចជាប្រធានាធិបតី និង នាយករដ្ឋមន្រ្តី នៃបណ្តាប្រទេស ដែលគេមើលឃើញថា បានចូលរួមចំណែកអភិវឌ្ឍខ្លាំងលើវិស័យទេសចរណ៍។
លោក ថោង ខុន បានបន្តថា ការដែលបណ្ឌិតសភាទេសចរណ៍អឺរ៉ុប សម្រេចផ្តល់ «សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» ជូនសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីពួកគេពិនិត្យ និង វាយតម្លៃយ៉ាងល្អិតល្អន់ចំពោះការដឹកនាំ និងការអភិវឌ្ឍលើវិស័យទេសចរណ៍នៅក្នុងប្រ ទេសកម្ពុជា ក៏ដូចជាចូលរួមអភិវឌ្ឍវិស័យទេសចរណ៍សាកលផងដែរ។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានដឹកនាំអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ហើយបានបែងចែកដោយសមធម៌ជូនប្រជាពលរដ្ឋ។
បើតាមលោករដ្ឋមន្រ្តីនៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុប សម្រាប់ទេសចរណ៍ និងពាណិជ្ជកម្មក៏នឹងប្រគល់ពានរង្វាន់ ជូនរាជរដ្ឋាភិបាលកម្ពុជា «ជាគោលដៅទេសចរណ៍ល្អបំផុតសម្រាប់ឆ្នាំ២០១៦» ហើយក៏នឹងធ្វើពិធីប្រកាសថា កម្ពុជាជាគោលដៅវប្បធម៌ ពេញនិយមសម្រាប់ឆ្នាំ២០១៦ផងដែរ។
ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប បានយល់ឃើញដូចៗគ្នាថា កម្ពុជាជាប្រទេសពោរពេញ ទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿង និង កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន គួបផ្សំជាមួយនឹងសម្រស់ធម្មជាតិដ៏ល្អដាច់គេ។
សាស្ត្រាចារ្យ Anton Caragea ប្រធានការិយាល័យកណ្តាលក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប ដែលមានប្រ ទេសក្នុងតំបន់អឺរ៉ុបចំនួន២៨ ជាសមាជិក បានថ្លែងថា «កម្ពុជាជាគោលដៅដ៏ល្អឥតខ្ចោះ និងសុវត្ថិភាពលើសគេបំផុត ដែលនឹងឆក់យកបេះដូងរបស់អ្នកជារៀងរហូត»។
លោក ថោង ខុន បានថ្លែងថា ការទទួលបានចំណាត់ថ្នាក់ជាគោលដៅ ទេសចរណ៍ល្អបំផុតសម្រាប់ឆ្នាំ២០១៦នេះ គឺជាមោទនភាពមួយទៀតសម្រាប់កម្ពុជា។ លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះ «នេះជាមោទនភាពសម្រាប់កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»។
លោក ថោង ខុន បានរំពឹងថា បន្ទាប់ពីទទួលបានការវាយតម្លៃបែបនេះ ប្រទេសកម្ពុជានឹងទទួលបានភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប កាន់តែច្រើនថែមទៀត។
បើតាមលោក ថោង ខុន នៅឆ្នាំ២០១៥កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរពីតំបន់អឺរ៉ុបប្រមាណ៧២ម៉ឺននាក់ ហើយរយៈពេល៤ខែឆ្នាំ ២០១៦នេះ ទទួលបានភ្ញៀវទេសចរមកពីអឺរ៉ុប ៣២ម៉ឺននាក់ កើនលើសឆ្នាំទៅ ៧ភាគរយ បើធៀបរយៈពេលដូចគ្នា។ លោករដ្ឋមន្រ្តីក្រសួង ទេសចរណ៍រំពឹងថា នៅឆ្នាំ២០១៦នេះ កម្ពុជា អាចទទួលភ្ញៀវទេសចរអឺរ៉ុប បានដល់ទៅ ១លាននាក់៕