(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែធ្នូ​ ឆ្នាំ២០២២ បានណែនាំដល់អភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាល នៅក្នុងមូលដ្ឋានសុខាភិបាល។

លោក ម៉ម ប៊ុនហេង បានផ្ញើលិខិតមួយ ប្រាប់អភិបាលរាជធានី-ខេត្តធ្វើការណែនាំ ដល់មន្ទីរសុខាភិបាលឱ្យចុះត្រួតពិនិត្យតាមដាន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

បើតាមលិខិត ដែលផ្ញើទៅអភិបាលរាជធានី-ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺលោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា ក្រសួងសុខាភិបាលបានធ្វើការណែនាំក្រើនរំលឹកជាបន្តបន្ទាប់ដល់មូលដ្ឋានសុខាភិបាលឯកជន ស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល។ ប៉ុន្តែក្រសួងសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួន ពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់អ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន»

លោកបន្តថា «ក្នុងន័យនេះក្រសួងសុខាភិបាល សូម ឯកឧត្តម លោកជំទាវ ធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះត្រួតពិនិត្យតាមដាន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត ចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន»

សូមជម្រាបថា មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង (ផ្សារព្រៃទទឹង) ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទជាបណ្ដោះអាសន្ន ក្រោយស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកនេះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិក បានធ្វើការព្យាបាលដោយរំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្ត នៅរាជធានីភ្នំពេញ៕