(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពចតុមុខ នាយឧត្ដមសេនីយ៏ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ធ្វើឱ្យមានសមធម៌ ដោយមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុប្រធាន ក្រសួងស្ថាប័នជាសមាជិក ក្រុមការងារ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធអង្គការ យុវជនកាកបាទក្រហម និងតំណាងកម្មវិធីសហប្រជាជាតិជាង៥០០នាក់។
ក្រោយពីបានស្តាប់សាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការកាត់បន្ថយការរាលដាលនៃមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកបានជួបប្រទះនូវវិបត្តិនៃជំងឺកូវីដ១៩។
ក្នុងនាមសម្តេចតេជោ ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឋានៈជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជាសម្តេចតែងតែដឹកនាំ និងចូលរួមដោយផ្ទាល់ក្នុងការពង្រីកភាពឆ្នើមដល់បណ្តាញកាកបាទក្រហម គ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសប្រឆាំងការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ធ្វើឱ្យប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ នៅកម្ពុជាកាន់តែមានកម្រិតខ្ពស់ថែមទៀត ក្នុងទិសដៅ ៩៥-៩៥-៩៥។
ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមថា ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់ ស្ថានភាពនៃការរាលដាលមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជានៅតែមានភាពផុយស្រួយប្រសិនបើធ្វេសប្រហែស តែបន្តិចការរាលដាលមេរោគអេដស៍នឹងអាចផ្ទុះនិងពិបាកគ្រប់គ្រងជាងមុនៗ ពិសេសការផ្ទុះឡើងនៅក្នុងចំណោមប្រជាជនប្រឈមមុខខ្ពស់រួមមាន៖ ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមស្រ្តីបម្រើការងារក្នុងគ្រឹះស្ថាន កំសាន្តសប្បាយ ក្រុមយុវវ័យ ក្រុមអ្នកប្រើប្រាស់ និងចាក់គ្រឿងញៀនជាដើម។ នៅឆ្នាំ២០២១ អត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូនមានប្រមាណ១៣,៦% ដែលជាអត្រាខ្ពស់មួយដែលត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនទូទៅមានអត្រា៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ៥,៧% ក្នុងឆ្នាំ២០១៧។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ អ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់មានចំនួន៨៧០នាក់។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់នូវការណែនាំបន្ថែមមួយចំនួនដូចតទៅ៖
*ទី១៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់ផែនការយុទ្ធ-សាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាដែលដឹកនាំអនុវត្តដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយផ្អែកលើសរសរស្តម្ភទាំង៣រួមមាន៖ ១៖ ការដឹកនាំ និងភាពជាម្ចាស់, ២៖ ភាពជាដៃគូ និង៣៖ ការវិនិយោគ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។
*ទី២៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការទាំងប្រាំមួយ ដូចមានចែងក្នុងលិខិតលេខ ២១៣ សជណ.សស ចុះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
*ទី៣៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមជំរុញការអប់រំ ផ្សព្វផ្សាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីបង្ការការចម្លងមេរោគអេដស៍ក្នុងសហគមន៍ ជាពិសេសក្រុមប្រជាជនគន្លឹះរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកំសាន្តសប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ទី៤៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជាមួយក្រសួងសុខាភិបាលធ្វើការសិក្សារៀបចំយន្តការ និងយុទ្ធសាស្ត្រអន្តរាគមន៍ក្នុងការលុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូននៅត្រឹមឆ្នាំ២០២៥។ ជាមួយនេះ ក៏ត្រូវបន្តពង្រឹង និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពនូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន។
*ទី៥៖ ក្រោមការដឹកនាំ សម្របសម្រួល របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ត្រូវបន្តសហការរៀបចំគោលនយោបាយលុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ឱ្យបានទាន់ពេល តាមលិខិតលេខ ៩២៧ សជណ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការរៀបចំក្រុមការងារបច្ចេកទេសតាក់តែងគោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ តាមប្រព័ន្ធជាតិប្រកបដោយនិរន្តរភាព និងចីរភាព។
*ទី៦៖ អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបានទូទាំងប្រទេសដើម្បីទទួលខុសត្រូវក្នុងភាពជាម្ចាស់ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
*ទី៦៖ អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបានទូទាំងប្រទេសដើម្បីទទួលខុសត្រូវក្នុងភាពជា ម្ចាស់ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
*ទី៧៖ ចំពោះបងប្អូនដែលសង្ស័យថាបានឆ្លងមេរោគអេដស៍ ត្រូវរួសរាន់មកទទួលសេវាធ្វើតេស្ដរក មេរោគអេដស៍ ដើម្បីឆាប់ទទួលបានការព្យាបាល ថែទាំ និងរក្សាសុខភាពបានល្អប្រសើរ។
*ទី៨៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ដៃគូ ជាតិ អន្តរជាតិទាំងអស់ ត្រូវបន្តជួយសហការគាំទ្រ និងលើកទឹកដល់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍តាមគ្រប់មធ្យោបាយ និងរូបភាព ដើម្បីសុខដុមនីយ៍កម្មសហគមន៍ និងគ្រួសារ។
*ទី៩៖ ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការជូញដូរ មនុស្ស និងល្បែងស៊ីសងខុសច្បាប់តាមគ្រប់រូបភាព។ ត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងរួមគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅតាមអង្គភាពការងារ និងសហគមន៍យើង។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវប្រជា ពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ដែលពុំទាន់បានចុះឈ្មោះបោះឆ្នោតត្រូវប្រញាប់ រួសរាន់ទៅចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនៅតាមឃុំ-សង្កាត់ ឱ្យបានគ្រប់គ្នា។
តាមរបាយការណ៍ឆ្នាំ២០២២នេះ កម្ពុជាកាត់បន្ថយបានការចម្លងមេរោគអេដស៍ថ្មីបានពី២៣០០នាក់ មកត្រឹមប្រហែល១១០០នាក់ក្នុងឆ្នាំ២០២១។ ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់ (ប្រមាណ៩៩%)ទទួលបានឱសថប្រឆាំងមេរោគអេដស៍)។ អ្នកប្រើគ្រឿងញៀនដោយចាក់ងាយឆ្លងមេរោគអេដស៍មានការធ្លាក់ចុះពីប្រមាណ២៤.៨%នៅឆ្នាំ២០១២ មក១៥.២% ក្នុងឆ្នាំ២០១៧។ សន្ទស្សន៍នៃការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍មានការថយចុះខ្លាំង គួរជាទីមោទន:។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកថវិការបស់សម្ដេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអង្គពិធីមាន៖
*ទី១៖ ឧបត្ថម្ភអ្នកផ្ទុកមេរោគអេដស៍ចំនួន៣០នាក់ម្នាក់ៗថវិកា៥ម៉ឺរៀល
*ទី២៖ អ្នកផ្ទុកមេរោគអេដស៍ឡើងមានចំណាប់អារម្មណ៍ចំនួន១នាក់ថវិកា ៥០ម៉ឺនរៀល
*ទី៣៖ ឧបត្ថម្ភសសយក ឧបត្ថម្ភកាកបាទក្រហមចំនួន៣០០នាក់ម្នាក់ៗថវិកា ២ម៉ឺនរៀល
*ទី៤៖ ឧបត្ថម្ភអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការរៀបចំកម្មវិធីចំនួន៥លានរៀលផងដែរ៕