(សៀមរាប)៖ លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក នៃមូលនិធិជនពិការ បានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ផាប្លូ កាង ឯកអគ្គរាជទូត នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងមន្ទីរជុំវិញខេត្ត តំណាងអង្គការដៃគូ មន្រ្តីនៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប និងបងប្អូនជនពិការជាច្រើនរូបទៀតផងដែរ។

លោក ស៊ឹម សុធន បានថ្លែងថា ការទទួលបានអគារថ្មីនេះ គឺស្របទៅនឹងកំណើននៃតម្រូវការសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ក៏ដូចជាចូលរួមគាំទ្រដល់ជនពិការក្នុងជីវិតរស់នៅប្រចាំថ្ងៃជនពិការ ប្រកបដោយភាពថ្លៃថ្នូរ និងស្មើភាពគា្នក្នុងសង្គម។

លោកបានថ្លែងអំណរគុណ ចំពោះកាយវិការប្រកបដោយកិច្ចសហការក្នុងភាពជាដៃគូ របស់រដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលី តាមរយៈកម្មវិធីACCESS ក៏ដូចជាអាជ្ញាធរ និងដៃគូពាក់ព័ន្ធផ្សេងទៀតចំពោះការគាំទ្រ ដល់មូលនិធិជនពិការ មជ្ឈមណ្ឌលស្ដារ ក៏ដូចជាដល់ជនពិការនៅកម្ពុជា។

តាមសេចក្តីរាយការណ៍របស់មជ្ឈមណ្ឌលស្តារខេត្តសៀមរាប បានឱ្យដឹងថា មានជនពិការចំនួនជាង ៨,០០០នាក់ បានមកទទួលសេវាស្តារពីមជ្ឈមណ្ឌលនេះ គិតចាប់តាំងពីឆ្នាំ១៩៩១មក ហើយចំនួននេះនៅមានចំនួនទាបនៅឡើយ បើប្រៀបធៀបនឹងតម្រូវការជាក់ស្តែងរបស់ជនពិការក្នុងខេត្តសៀមរាប និងខេត្តជាប់ព្រំប្រទល់ផ្សេងទៀត ដោយសារកង្វះនៃការផ្សព្វផ្សាយអំពីសេវាស្តារ កង្វះកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ តម្រូវការនៃឧបករណ៍ជំនួយរួម ទាំងរទេះរុញមានការកើនឡើង និងធនធានមនុស្សនិងធនធានថវិកានៅមានកម្រិត។

លោក នាក់ ណេរ៉ុន បានថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈមូលនិធិជនពិការ ដែលបានយកចិត្តទុកដាក់ជួយគាំទ្រដល់ជនពិការក្នុងខេត្តសៀមរាប និងសង្ឃឹមថា មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបនឹងពង្រីកការផ្តល់សេវារបស់ខ្លួនទៅដល់ជនពិការដែលមានតម្រូវការនៃសេវានេះ។

ជាមួយគ្នានោះ លោក ផាប្លូ កាង បានថ្លែងថា ក្នុងភាពជាដៃគូអភិវឌ្ឍ រដ្ឋាភិបាលអូស្រ្តាលី តែងតែគាំទ្រលើសកម្មភាពនានាដែលសំដៅដល់ការលើកកម្ពស់សមភាព សុខភាព និងស្តារលទ្ធភាពពលកម្មដល់ប្រជាជនកម្ពុជា ដូចជាអ្វីដែលមាននៅទីនេះ គឺរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធី ACCESS បានចូលរួមជាថវិកាបដិភាគជាមួយមូលនិធិជនពិការ ក្នុងការកសាង និងរៀបចំអាគារនៃមជ្ឈមណ្ឌលស្តារខេត្តសៀមរាបនេះឡើងវិញ។

បន្ទាប់ពីពិធីកាត់ខ្សែបូ ក៏មានការអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងការចែកកញ្ចប់អំណោយសប្បុរសធម៌មូលនិធិជនពិការ ជូនជនពិការចំនួន១៤នាក់ ផ្តល់ជាថវិកាឧបត្ថម្ភ ដល់ជនពិការដែលកំពុងស្នាក់នៅ ក្នុងមណ្ឌល៤នាក់ និងផ្តល់រទេះរុញដល់ជនពិការចំនួន៣នាក់ផងដែរ៕