(ភ្នំពេញ)៖ ចេតនាទុច្ចរិតរបស់ មឿន តុលា និងគូកនក្នុងអង្គការសង់ត្រាល់ ត្រូវបានបកអាក្រាត ក្រោយពីលេចធ្លាយនូវផែនការលួចអូសទាញកម្លាំងពីប្រភពផ្សេងៗ ក្នុងសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ក្រោមការជួយគាំទ្រដោយផ្ទាល់ និងប្រយោលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់មជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACIL) ដើម្បីឱ្យធ្វើការផ្តាច់ខ្លួន ទៅបង្កើតសហជីពថ្មី និងចូលរួមជាមួយក្រុមខ្លួន ហើយទិសដៅអនាគតបង្កើតជាកម្លាំងនយោបាយមួយ ដើម្បីអុកឡុកកម្ពុជា ដូចដែលគេបានធ្វើកាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ នេះជាល្បិចកលចាស់ដែលគេធ្លាប់បានប្រើប្រាស់រួចមកហើយ កាលពីដើមឆ្នាំ២០០០ ក្នុងការរៀបចំកម្លាំងនយោបាយឱ្យ កឹម សុខា តាមរយៈការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអ្នកគាំទ្រ និងជួយរៀបចំកម្លាំងនៅមូលដ្ឋាន និងក្រោយមកបង្កើតជាគណសិទ្ធិមនុស្ស និងបន្ទាប់មកបញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិ ដែលបានអនុវត្តផែនការបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យ នៅឆ្នាំ២០១៣ និង២០១៤ និងឆ្នាំបន្តបន្ទាប់។

ការបកស្បែកមុខ មឿង តុលា ឃុន ថារ៉ូ នៃអង្គការសង់ត្រាល់នៅពេលនេះ គឺជាភាពចាំបាច់ និងមានសារៈសំខាន់បំផុត ព្រោះជាការទប់ស្កាត់ និងបង្ការជាមុនការបង្កើតអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ថ្មី បន្តវេនពីអតីតបក្សសង្គ្រោះជាតិ ដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ដែលតំណាងឱ្យសមាជិកភាគច្រើនក្នុងប្រទេសកម្ពុជា បានចេញលិខិតតវ៉ាប្រឆាំង ទៅនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងដោយអង្គការ ACIL ដោយបានបញ្ជាក់ថា អង្គការមួយនេះបាន និងកំពុងផ្តល់ការគាំទ្រដោយផ្ទាល់ និងប្រយោលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ចលនាលួចលាក់ក្នុងការញុះញង់អូសទាញ តំណាងសហជីពមូលដ្ឋានជាសមាជិករបស់សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី។

តាមរយៈលិខិតចេញដោយថ្នាក់ដឹកនាំសហភាពសហជីព និងសហព័ន្ធសហជីពនៃកម្ពុជា ផ្ញើទៅកាន់លោក WILLIAM CONKLIN នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACIL) ចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លើកឡើងថា សកម្មភាពរបស់អង្គការ ACIL គឺជាការចូលរួមក្នុងការធ្វើឱ្យមានការបែកបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត ដែលធ្វើឱ្យចុះទន់ខ្សោយដល់សំឡេងឯកភាពរួម របស់សហជីព ដែលនឹងធ្វើឱ្យប៉ះពាល់និងខូចខាតផលប្រយោជន៍បច្ចុប្បន្ន និងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។

លើសពីនេះសកម្មភាពទាំងនេះ គឺផ្ទុយនឹងគោលការណ៍ទូទៅក្នុងការលើកកម្ពស់ចលនាកម្លាំងកម្មករនិយោជិត និងអាចឈានទៅរំលោភបំពានច្បាប់ ជាធរមាន។

សហភាពសហជីព និងសហព័ន្ធសហជីពនៃកម្ពុជាប្រឆាំងដាច់អហង្ការ ចំពោះការផ្តល់ការគាំទ្រសកម្មភាពទាំងអស់នេះ ដែលបង្កប់នូវចេតនាទុច្ចរិត និងទាមទារជាដាច់ខាតឲ្យអង្គការ ACIL បញ្ឈប់ជាបន្ទាន់នូវការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សកម្មភាពទាំងនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងគោលដៅរួមក្នុងការលើកកម្ពស់សំឡេង និងកម្លាំងឯកភាពគ្នានៃចលនាកម្មករនិយោជិត នៅកម្ពុជា និងបានស្នើបញ្ឈប់សកម្មភាពទុច្ចរិតទាំងនេះទេ។

មកដល់ដំណាក់កាលនេះ គ្មានអ្វីស្រពិចស្រពិលទៀតឡើយ ចំពោះអង្គការសង់ត្រាល់ដែលដឹកនាំដោយមឿន តុលា និង ឃុន ថារ៉ូ នោះគឺជាចលនានយោបាយជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល ធ្វើសកម្មភាពបម្រើឱ្យរបៀបវារៈនយោបាយ និងផែនការបរទេសដូចអង្គការ និងចលនាមួយចំនួនទៀតដែរ។ មឿន តុលា បានប្រើប្រាស់តួនាទីជាប្រធានអង្គការសង់ត្រាល់ ដើម្បីកសាងកម្លាំងនយោបាយ និងបានធ្វើសកម្មភាពយ៉ាងសកម្មជាមួយក្រុមប្រឆាំង ក្នុងការអនុវត្តនយោបាយបំផ្លាញកម្ពុជា ៣កុំ គឺកុំឱ្យបរទេសទិញទំនិញពីកម្ពុជា កុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និងកុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា។

មឿន តុលា បានដើរបរិហារ និងបំភ្លៃការពិតពីស្ថានភាពការងារនៅកម្ពុជា ដើម្បីឱ្យបរទេសឈប់ទិញទំនិញ និងឈប់វិនិយោគនៅកម្ពុជា។ ដោយ សារតែមានរបៀបវារៈនយោបាយពីក្រោយយ៉ាងដូច្នេះ បានជាសកម្មភាពទាំងអស់របស់អង្គការសង់ត្រាល់ និងអង្គការបរទេស ដែលនៅពីក្រោយខ្នងខិតខំប្រឹងប្រែង ក្នុងការចិញ្ចឹមទំនាស់ និងព្យាយាមបំផ្លាញកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។

ជាក់ស្តែងដូចជាបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើល មឿន តុលា និងឃុន ថារ៉ូ បានដើរតួនាទីយ៉ាងសំខាន់ នៅពីក្រោយការធ្វើបាតុមម្មដាក់ខែ របស់អតីតបុគ្គលិក។ ពួកគេបានដើរតួនាទីជំនួសកម្មករ និងជាអ្នករៀបចំផែនការសព្វបែបយ៉ាងរួមទាំង សម្របសម្រួលទទួលប្រាក់ពីប្រភពផ្សេងៗ ដើម្បីគាំទ្រធ្វើបាតុកម្ម និងការនិយាយញុះញង់កម្មករបន្ទរ តាមប្រព័ន្ធផ្សព្វផ្សាយថែមទៀតផង។

អង្គការសង់ត្រាល់ដែលមានមឿន តុលា ឃុន ថារ៉ូ ដឹកនាំនេះមិនមែនជាអង្គការឯករាជ្យ មិនមែនជាអង្គការវិជ្ជាជីវៈដែលបម្រើ ឬក៏ការឃ្លាំមើលសិទ្ធិការងារ និងសិទ្ធិកម្មករនោះទេ តែពួកគេធ្វើផ្ទុយនឹងច្បាប់ស្តីពីច្បាប់សហជីព ជាពិសេសគឺបានក្បត់សេចក្តីទុកចិត្តថែមទៀតផង។ ដើម្បីសម្រេចគោលដៅបង្កើតកម្លាំងនយោបាយរបស់ខ្លួន អង្គការសង់ត្រាល់ បានចាប់ដៃជាច្រើនជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មួយចំនួនទៀត ដែលគេដឹងថាជាប្រតិបត្តិករបដិវត្តន៍ពណ៌យ៉ាងសកម្ម ជាមួយអតីតគណបក្សសង្គ្រោះជាតិ ដូចជាសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ វន ពៅ អង្គការ CFCC របស់ ថេង សាវឿន ផ្ទះសាមគ្គីដែលជាបណ្តុំអង្គការ ដែលមាននិន្នាការនយោបាយ ទៅរកបក្សប្រឆាំង និងការរៀបចំប្រព័ន្ធការងារប្រទាក់ក្រឡាជាមួយ ក្រុមអង្គការសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក ក្រុមសកម្មជនក្រៅច្បាប់មួយចំនួន ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មាន ឧបករណ៍បំពងសំឡេងរបស់ក្រុមប្រឆាំងរួមមាន វិទ្យុអាស៊ីសេរី ឌឹខេមបូឌា ដេលី វីអូឌី និងសមាគមអ្នកកាសែត ខេមបូចា ជាដើម ដែលធ្វើសកម្មភាពផ្គុំគ្នាក្រោម រូបភាពអង្គការក្រៅរដ្ឋាភិបាល ដែលគិតគូរពីសិទ្ធិមនុស្ស សិទ្ធិកម្មករ លំហប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ ប៉ុន្តែតាមពិត ក្រុមសមាគម និងអង្គការក្រៅរដ្ឋាភិបាលខ្លះ បានធ្វើសកម្មភាពនយោបាយដ៏គួរឱ្យស្អប់ខ្ពើមបំផុត ដើម្បីសម្រេចគោលដៅទុច្ចរិតរបស់ពួកគេ ក្នុងការផ្តួលរំលំរដ្ឋាភិបាល តាមរយៈបដិវត្តន៍ពណ៌។ ហេតុដូច្នេះបាន ជាពួកគេត្រូវប្រើប្រាស់ឧបាយកលសព្វបែបយ៉ាង ដើម្បីចឹញ្ចឹមចលនាបាតុកម្មរនានា និងចិញ្ចឹមទំនាស់បញ្ហានានា របស់ពួកបាតុករស៉ីឈ្នួល ដើម្បីបង្កើតឱ្យទៅជាជំងឺមហារីកសង្គម សម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

ដូច្នេះចាំបាច់ណាស់ដែលក្រសួងស្ថាប័ន មានសមត្ថកិច្ចត្រូវពិនិត្យមើលឡើងវិញ លើករណីទាំងនេះ ជៀសវាងការបង្កើតចលាចលណាមួយ ដោយបានជំនួយពីក្រៅប្រទេស ដើម្បីបង្កជាបបញ្ហាធ្វើឱ្យបាត់បង់សន្តិភាព ស្ថិរភាពនៅក្នុងប្រទេសកម្ពុជា ព្រោះភស្តុតាងបានបង្ហាញយ៉ាងច្បាស់ តាមរយៈសកម្មភាពក្រុមសមាគម និងអង្គការមួយចំនួនដែលធ្វើសកម្មមិនបម្រើផលប្រយោជន៍ជាតិ និងប្រជាជនពិតប្រាកដទេ តែបានដើរតាមផែនការបរទេស ដើម្បីបានជំនួយ និងការងារធ្វើ ប្រាក់ខែសម្រាប់ខ្លួន ហ៊ានបំផ្លាញជាតិ បំផ្លាញសេចក្តីសុខ និងសន្តិភាពរបស់ប្រទេស។ ជាមួយគ្នានេះ សូមលើកទឹកចិត្តសហជីព សហព័ន្ធសហជីពកម្ពុជា រួមនឹងបងប្អូនកម្មករកម្មការិនីទាំងអស់ សូមចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងការអភិឌ្ឍដែលកម្ពុជាមាន និងការពារលទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជាមាន និងមិនត្រូវចាញ់បោកក្រុមស៊ីឈ្នួលបរទេស និងក្រុមជនបរទេស ដែលមានចេតនាទុច្ចរិតចំពោះកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២