(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំ ក្នុងមន្ទីរដែនដី នគរូបនីយកម្ម ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបាន បានបើកសិក្ខាសាលា ស្តីពីការដោះស្រាយវិវាទដីធ្លី របស់គណៈកម្មការសុរិយោដី ជូនក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងវិធីសិក្ខាសាលានោះ មានការចូលរួម លោក ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិកានៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ខេត្តបន្ទាយមានជ័យ មន្ត្រីសុរិយោដីមេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើននាក់។

លោក អាង ណារិទ្ធ បានថ្លែងថា អនុលោមតាមស្មារតី​ប្រកាសអន្តរក្រសួងលេខ ០២ ប្រ ក ច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីការកំណត់ភារ​កិច្ចរ​បស់តុលា​ការ និងគណៈក​ម្មការ​សុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានបែងចែកជាវិវាទដីធ្លីជា ២ប្រភេទគឺ១/វិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ គឺដីធ្លី​ដែលមានប័​ណ្ណ សម្គាល់សិទ្ធិគ្រប់ប្រ​ភេទចេញដោយរ​ដ្ឋបាល​សុ​រិយោដី ត្រូវស្ថិត​ក្រោមសមត្ថ​កិច្ចរបស់តុលាការ និង ២ /វិវាទដីធ្លីដែ​លមិនទាន់បាន​ចុះបញ្ជីសុរិយោដី គឺដីធ្លីដែ​លពុំទាន់មា​នប័ណ្ណសម្គាល់សិ​ទ្ធិគ្រប់ប្រ​ភេទ​ចេញ​ដោយ​រដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមដែនសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី ។

ក្នុងឱកាសនោះ លោក លី សារី បានថ្លែងថា ពី១ឆ្នាំទៅ១ឆ្នាំក្នុងខេត្តបន្ទាយមានជ័យនេះ។ បញ្ហាទំនាស់ដីធ្លីមានការចុះថយយ៉ាងខ្លាំងដោយសារមន្ត្រីជំនាញ ចុះវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធតាម ឃុំ សង្កាត់ ស្រុក ក្រុង ម្ចាស់ដីគ្រប់ស្ថាប័នពាក់ពន្ធ័ និងក្បាលដីនៅក្នុង ឃុំ សង្កាត់ ស្រុក ក្រុង បានអនុវត្តន៍តាមខ្លឹមសាររបស់គណៈកម្មាធិការរដ្ឋបាល នូវឯកសារសុរិយោដីដែលរួមមានប្លង់សុរិយោដីនិងបញ្ជីឈ្មោះ អ្នកកាន់កាប់ដី ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណះ ប្រពន្ធ័បានធ្វើការវាស់វែងនិងប្រមូលទិន្នន័យកន្លងមក។

លោក លី សារី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកកាន់កាប់ដី និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមពិនិត្យលើទិន្នន័យក្បាលដី ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវឬកំហុសខុសឆ្គង ដែលត្រូវតែកែតំរូវឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល១៥ ថ្ងៃ ក្នុងនោះ អ្នកកាន់កាប់ដីត្រូវបង្ហាញឯកសារជាលាយលក្ខ័ណអក្សររួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកិច្ចសន្យា បណ្តាំមរតក សាលក្រមពីតុលាការជាដើម អ្នកកាន់កាប់ដីរួមទាំងអ្នកជាប់ព្រំត្រូវកំណត់ក្បាលដីរួមគ្នាដាំបង្គោលឲ្យបានរឹងមាំលើក្បាលដីផងដែរ។

លោក ទេព ធន ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរអរគុណដ៏ជ្រាវជ្រៅចំពោះ លោក លោកស្រី មន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រប់លំដាប់ថ្នាក់ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ព្រមទាំងអង្គភាពនានាពាក់ព័ន្ធដែលបានរួមចំណែកក្នុងការងារដោះស្រាយវិវាទដីធ្លី តាមគ្រប់រូបភាពនិងគ្រប់យន្តការនានាដែលបានបង្កើតឡើង។ លោកថា ត្រូវពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត ក្នុងការវិភាគពិចាររណាឲ្យបានស៊ីជម្រៅលើសំណុំរឿងនីមួយៗ ដែលបានត្រឹមត្រូវដើម្បីបំពេញបន្ថែមទៅលើចំណេះដឹងបទពិសោធន៍ទៀត៕