លោក ថោង ខុន៖ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណពី២៥ ទៅ៥០ម៉ឺននាក់ នៅ SEA Games ឆ្នាំ២០២៣

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណពី២៥ ទៅ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣។

លោកថ្លែងបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ២០២២ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ «នៅពហុកីឡដ្ឋានជាតិមរតកតេជោ»។

លោក ថោង ខុន បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ និងគណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games ឆ្នាំ២០២៣​លោកសូមកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះដល់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិកទាំងអស់ ទាំងកីឡាករ-កីឡាការិនី ជនពិការ ដែលរយៈពេល​១២ថ្ងៃ​នៃព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១នេះ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យ ក្នុងដំណើរការប្រកួតកីឡាគ្រប់ទាំង ៣៨ប្រភេទកីឡា ទាំងនៅរាជធានី-ខេត្ត យ៉ាងសស្រាក់សស្រាំ ពិសេសសហព័ន្ធកីឡាជាតិ ដែលមានតួនាទីដឹកនាំការប្រកួតបានអនុវត្តគោលការណ៍ស្ដង់ដារបទបញ្ជាការប្រកួតកីឡា ជាអន្តរជាតិបានត្រឹមត្រូវ គោរព ក្រមសីលធម៌វិជ្ជាជីវៈកីឡាបានខ្ជាប់ខ្ជួន និងចៀសវាងបានទំនាសបច្ចេកទេស ពិសេសចៀសវាងមិនប្រើសារធាតុលើកកម្លាំងនិងសារធាតុញៀនទៀតផង។ លោក ថោង ខុន បន្ថែមថា ព្រឹត្តិការណ៍កីឡា ក៏ជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់ ក្នុងឧស្សាហកម្មទេសចរណ៍សម័យទំនើប ដែលក្នុងនោះអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ទេសចរកីឡាអន្តរជាតិនៅលើពិភពលោក មានចំនួនប្រមាណ ១២លាននាក់ ទៅ ១៥លាននាក់ ក្នុងមួយឆ្នាំ ស្នើនឹង ១០% នៃឧស្សាហកម្មទេសចរណ៍ពិភពលោក និងរកចំណូលបានប្រមាណ ៨០០លានដុល្លារ ក្នុងមួយឆ្នាំ។ យ៉ាងណាមិញការប្រកួតកីឡាបាល់ទាត់ FIFA World Cup នៅទីក្រុង Doha ប្រទេស Qatar បច្ចុប្បន្ននេះ គេរំពឹងថានឹងមានភ្ញៀវទេសចរប្រមាណ ១លាន ៥សែននាក់ កំពុងធ្វើដំណើរ និងត្រៀមធ្វើដំណើរទៅទស្សនាកីឡាបាល់ទាត់ពិភពលោកនេះ។

«រីឯអំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ក៏កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណពី ២៥ម៉ឺននាក់ ទៅ ៥០ម៉ឺននាក់ ផងដែរ»។ នេះបើតាម រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្នុងនាមគណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានប្តេជ្ញាចិត្តគោរពអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការពង្រឹងសមត្ថភាព គុណភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅរកឧត្តមភាពបច្ចេកទេសកីឡាកម្រិតខ្ពស់ ក្នុងការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ និង Asian Youth Games និងពន្លឿនការត្រៀមរៀបចំការប្រកួតឱ្យបានគ្រប់ជ្រុងជ្រោយ និងគ្រប់ស្ដង់ដារកីឡាអន្តរជាតិ ដោយឈរលើគោលការណ៍ កីឡាស្អាតស្អំ និងកីឡាបៃតង «Clean and Green Sport» ដើម្បីនាំមកនូវកិត្តិយស និងកិត្យានុភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ។

លោកបន្តថា បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games-ASEAN Para Games ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចុះកិច្ចសន្យាជាផ្លូវការរួចហើយ កាលពីថ្ងៃទី២១  ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៉ី «Olympic Council of Asia» ទទួលយកធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៉ី «Asian Youth Games» ដែលមាន ៤៥ប្រទេស ចូលរួមនៅរាជធានីភ្នំពេញ ឆ្នាំ២០២៩ ផងដែរ៕