(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជំនាញៗជាច្រើន មកពីមន្ទីរការបរទេសរដ្ឋចំនួន ៥១របស់អាមេរិក បានចុះហត្ថលេខារួមគ្នា ក្នុងន័យជំរុញឲ្យរដ្ឋាភិបាលអាមេរិក ពិចារណាលើការប្រើប្រាស់កម្លាំងយោធា វាយប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាល របស់ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ ដែលបានរំលោភបទឈប់បាញ់គ្នាជាមួយក្រុមឧទ្ទាម តាំងពីដើមឆ្នាំ ២០១៦ មកម្ល៉េះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦។

តាមការដកស្រង់ពីកាសែត The Wall Street Journal បានឲ្យដឹងដូច្នេះថា លិខិតស្នើសុំទៅកាន់រដ្ឋាភិបាលរបស់លោក បារ៉ាក់ អូបាម៉ា ខាងលើនេះត្រូវបានចុះហត្ថលេខា ដោយមន្ត្រីនាយកដ្ឋានទាំង ៥១ ដោយក្នុងនោះមានទាំងការលើក ឡើងពីនយោបាយដែលរដ្ឋាភិបាល គួរអនុវត្តន៍សម្រាប់ដោះស្រាយបញ្ហា សម្លាប់រង្គាលជនស៊ីវិលនៅក្នុងប្រទេសស៊ីរី។ វិធីដោះស្រាយបញ្ហានោះ គឺមានតែអាមេរិក សម្រេចប្រើប្រាស់យោធារបស់ខ្លួន វាយប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាល ប្រទេសស៊ីរីតែម្តង ព្រោះកន្លងមករដ្ឋបាលលោក អូបាម៉ា ហាក់បន្ទន់ដៃក្នុងការបង្ខំឲ្យលោក អាស្សាដ ចុះចេញពីតំណែង។

គួរបញ្ជាក់តាមមន្ត្រីសេតវិមានមួយរូប បានលើឡើងប្រាប់ Reuters ថាលោកមិនទាន់បានអានលិខិតរួមខាងលើនេះ ឡើយ ប៉ុន្តែទោះជាបែបនេះក្តីរដ្ឋបាលលោក អូបាម៉ា កន្លងមកធ្លាប់បានប្រកែកយ៉ាងដាច់ខាតហើយ ថាមិនអាចផុងខ្លួន លូកដៃកាន់តែជ្រៅទៅក្នុងការប្រើប្រាស់យោធាអាមេរិក ដោះស្រាយជម្លោះនៅក្នុងប្រទេសស៊ីរីនោះឡើយ។ បច្ចុប្បន្នអ្វី ដែល អាមេរិកគិតគូខ្លាំងបំផុតនោះ គឺការតាមកម្ចាត់ក្រុម ISIS ហើយការលាលែងចេញពីតំណែងរបស់លោកអាស្សាដ គឺត្រូវតែធ្វើឡើង ដោយការដាក់សម្ពាធពីអន្តរជាតិ និងចរចារវាងភាគីពាក់ព័ន្ធ៕